(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បានថ្កោលទោសការសម្លុតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្សី ក្នុងសង្រ្គាម នៅអ៊ុយក្រែន ខណៈជប៉ុននៅថ្ងៃអាទិត្យ ទី៦ ខែសីហានេះ បានប្រារព្ធខួបលើកទី៧៨ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុង Hiroshima។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​​។

ថ្លែងនៅឯពិធីរំឮកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក្នុងទីក្រុង Hiroshima លោក គីស៉ីដា បានគូសបញ្ជាក់ដូច្នេះថា «ជប៉ុន ក្នុង នាមជាប្រទេសតែមួយគត់ដែលរងគ្រោះដោយសារការទម្លាក់គ្រាប់បែកអាតូមិក នៅក្នុងសង្រ្គាម នឹងបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកពិភពលោកគ្មានអាវុធ នុយក្លេអ៊ែរ»។ ប៉ុន្តែក្នុងពេលជាមួយគ្នា លោក គីស៉ីដា ក៏បានទទួលស្គាល់ដែរថាជំហានឆ្ពោះទៅរកគោលដៅនេះ មានសភាពកាន់តែលំបាកខ្លាំងឡើងៗ ដោយសារតែការបែកបាក់គ្នានៅក្នុងសហគមន៍អន្តរជាតិជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ និងការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរពីសំណាក់រុស្ស៉ី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ មនុស្សប្រហែលជា ១៤០,០០០នាក់ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក លើទីក្រុង Hiroshima ហើយ៣ថ្ងៃក្រោយមក ក្នុងឆ្នាំដដែល សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ផ្សេងទៀតលើទីក្រុង Nagasaki ធ្វើឱ្យ ជប៉ុនចុះចាញ់សង្រ្គាមលោកលើកទី២ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥៕