(ប៉េកាំង)៖ ក្រុមមន្ត្រីចិន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះបានឱ្យដឹងថាមនុស្សយ៉ាងហោច​ ១០នាក់បានស្លាប់ នៅក្នុងគ្រោះទឹកជំនន់នៅឯទីក្រុងមួយស្ថិតនៅ ក្បែរទីក្រុងប៉េកាំង ដែលនេះធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងវាយប្រហារភាគខាងជើងប្រទេសចិនកើនដល់ ៣០នាក់។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣។

បើតាមក្រុមមន្ត្រីចិន អ្នកស្លាប់ទាំង១០នាក់ខាងលើ ត្រូវបានរាយការណ៍ក្នុងទីក្រុង ប៉ាងតីង (Baoding) ស្ថិតនៅចម្ងាយ ១៥០គីឡូម៉ែត្រ ពីទីក្រុងប៉េកាំង ខណៈមនុស្ស១៨នាក់ បានបាត់ខ្លួន។

ព្យុះទីហ្វុង Doksuri ដែលបានវាយប្រហារលើប្រទេសចិន កាលពីថ្ងៃសុក្រកន្លងទៅនេះ បាននាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ភាគខាងជើងនៃប្រទេស ក្នុងកម្រិតកម្ពស់ទឹកភ្លៀងមិនធ្លាប់មាន នារយៈពេលជាង ១៤០ឆ្នាំមកនេះ។ គិតត្រឹមថ្ងៃសៅរ៍ ទី៥ ខែសីហា ប្រជាជនច្រើនជាង ៦០០,០០០នាក់ ក្នុងចំណោមប្រជាជនសរុបជាង ១១.៥លាននាក់នៃទីក្រុងប៉ាវតីង ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែង ទៅកាន់ទីទួលមានសុវត្ថិភាព។

គួរបញ្ជាក់ថា ប្រទេសចិន នារយៈពេលប៉ុន្មានខែចុងក្រោយនេះបានរងគ្រោះដោយសារគ្រោះធម្មជាតិជាបន្តបន្ទាប់ ជាពិសេសគឺទឹកជំនន់ ដែលបានធ្វើឱ្យ មនុស្ស ១៤៧នាក់ស្លាប់ ឬបាត់ខ្លួនកាលពីខែកក្កដាកន្លងទៅ៕