(តូក្យូ)៖ ប្រជាជននៅក្នុងប្រទេសជប៉ុន នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែសីហានេះ បានប្រមូលផ្ដុំគ្នាដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ក្នុងឱកាសនៃ ការប្រារព្ធខួបលើកទី៧៨ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក លើទីក្រុង Hiroshima នៅចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK។

មនុស្សម្នាបានប្រមូលផ្ដុំគ្នា នៅឯឧទ្យាន Peace Memorial Park នៃទីក្រុង Hiroshima ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៃការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរដំបូងគេបំផុតនៅលើពិភពលោក ហើយការប្រារព្ធខួបនេះទៀតសោត កើតមានឡើងនៅចំពេលដែលពិភពលោកកំពុងប្រឈមមុខ នឹងហានិភ័យ និងការព្រួយបារម្ភកាន់តែខ្លាំងពីលទ្ធភាពដែលរុស្ស៉ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួនប្រឆាំងនឹង អ៊ុយក្រែន។

ការអធិដ្ឋានបានធ្វើឡើង នៅម៉ោង ៨៖១៥នាទីព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងក្នុងប្រទេសជប៉ុន) ជាពេលវេលាដែលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក នុយក្លេអ៊ែរឈ្មោះថា «Little Boy» លើទីក្រុង Hiroshima នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ដោយបានសម្លាប់មនុស្សជាង ១៤០,០០០នាក់ គិតត្រឹម ចុងឆ្នាំ១៩៤៥។ ចំណែក ភាគច្រើននៃអ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនេះ បានរងការឈឺចាប់ដោយសារតែជំងឺមហារីកបង្កឡើង ដោយធាតុវិទ្យុសកម្ម។ ៣ថ្ងៃក្រោយមកទៀត ពោលគឺនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ ទើបសហរដ្ឋអាមេរិកទម្លាក់គ្រាប់នុយក្លេអ៊ែរលើទីក្រុង Nagasaki ដោយធ្វើឱ្យជប៉ុនចុះចាញ់សង្រ្គាមនៅថ្ងៃទី១៥ ខែសីហា ឆ្នាំដដែល។

គួរបញ្ជាក់ថា មនុស្សប្រហែលជា ៥០,០០០នាក់ បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនាឱកាសនៃការប្រារព្ធខួបលើកទី៧៨ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក លើទីក្រុង Hiroshima ខណៈអ្នកតំណាងមកពីរដ្ឋាភិបាលចំនួន ១០០ប្រទេស និងទីភ្នាក់ងារ អន្តរជាតិជាច្រើនក៏បានចូលរួមផងដែរ៕