(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធធំៗជាច្រើននៅក្នុងប្រទេស នាសប្ដាហ៍នេះ ក្នុងនោះរួមមានទាំងរោងចក្រផលិតគ្រឿងម៉ាស៊ីន សម្រាប់មីស៊ីលគ្រូស ព្រមទាំងបានអំពាវនាវផងដែរឱ្យបង្កើនការផលិតអាវុធ។ នេះបើតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣។

ការបំពេញទស្សនកិច្ចដើម្បីធ្វើអធិការកិច្ចរយៈពេល៣ថ្ងៃរបស់លោក គីម ជុងអ៊ុន ទៅកាន់រោងចក្រផលិតអាវុធរបស់កូរ៉េខាងជើង កើតមានឡើងមិនដល់ ២សប្ដាហ៍ស្រួលបួលផង បន្ទាប់ពីលោក គីម បានចូលរួមក្នុងពិធីធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ ជាមួយគណៈប្រតិភូមកពីប្រទេសរុស្ស៉ី និងចិន ដោយមានការសម្ញែងអាវុធថ្មី ក្នុងនោះរួមមានទាំងយន្ដហោះដ្រូនស៊ើបការណ៍ និងមីស៊ីលបាលិស្ទីគអន្តរទ្វីប។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA​ លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ចទៅកាន់រោងចក្រផលិតគ្រឿងម៉ាស៊ីនសម្រាប់មីស៊ីលគ្រូស យន្ដហោះដ្រូន ព្រមទាំងការផលិតគ្រាប់កាំភ្លើងធំ និងប្រព័ន្ធបាញ់រ៉ុក្កែតផងដែរ។ KCNA បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «អំឡុងដំណើរទស្សនកិច្ច ទៅកាន់រោងចក្រផលិតគ្រឿងម៉ាស៊ីន លោក គីម បានអំពាវនាវឱ្យបង្កើនការផលិតអាវុធ ជាមួយការសង្កត់ធ្ងន់ពីការធ្វើទំនើបកម្មអាវុធខ្នាតតូច...ដើម្បី ពង្រឹងការត្រៀមលក្ខណ​ៈក្នុងករណីមានសង្រ្គាម»

គួរបញ្ជាក់ថា ការធ្វើអធិការកិច្ចរបស់លោក គីម ជុងអ៊ុន កើតមានឡើងស្របពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងត្រៀមរៀបចំការធ្វើសមយុទ្ធ យោធារួមគ្នាទ្រង់ទ្រាយធំ នៅក្នុងខែសីហានេះ៕