(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ខ្លួនបានបញ្ចប់ការដកហូតពន្ធប្រឆាំងការលក់បង្ខូចថ្លៃ និងប្រឆាំងការឧបត្ថម្ភធនលើការនាំចូលស្រូវបាឡេរបស់អូស្ត្រាលី ដែលបានធ្វើឡើងអស់រយៈពេល ៣ឆ្នាំ ដែលប៉ះពាល់ដល់ពាណិជ្ជកម្មតម្លៃរាប់ពាន់លានដុល្លារ ខណៈប្រទេសទាំងពីរកំពុងស្តារទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នាឡើងវិញ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសចិននិងអូស្ត្រាលីកាលពីខែមេសាបានព្រមព្រៀងគ្នាដោះស្រាយជម្លោះរបស់ខ្លួនលើការនាំចូលស្រូវបាឡេ ដោយទីក្រុងកង់បេរ៉ាសម្រេចចិត្តផ្អាកដំណើរការក្ដីមួយប្រឆាំងប្រទេសចិននៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញពន្ធប្រឆាំងការលក់បង្ខូចថ្លៃ និងពន្ធប្រឆាំងការឧបត្ថម្ភធនលើការនាំចូលស្រូវបាឡេរបស់ទីក្រុងប៉េកាំង ខណៈដែលចិនបានសន្យាថានឹងពន្លឿនការពិនិត្យមើលឡើងវិញលើពន្ធគយទាំងពីរនេះ។

ដោយលើកឡើងពីស្ថានភាពផ្លាស់ប្តូរនៅក្នុងទីផ្សារបាឡេរបស់ប្រទេសចិនដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថាពន្ធត្រូវទម្លាក់ចោលចាប់ពីថ្ងៃសៅរ៍សប្តាហ៍នេះតទៅ។

ការសម្រេចចិត្តលើស្រូវបាឡេនេះធ្វើឱ្យមានការចាប់អារម្មណ៍លើផលិតផលអូស្ត្រាលីមួយចំនួនដែលនៅសល់ដែលត្រូវបានរឹតបន្តឹងដោយប្រទេសចិន រួមទាំងស្រាផងដែរ ដែលប្រឈមនឹងការដកហូតពន្ធគយ ក៏ដូចជាការរឹតបន្តឹងក្រៅផ្លូវការលើការនាំចេញបង្កង និងសាច់ពីទីសត្តឃាតមួយចំនួន។

ទំនាក់ទំនងរវាងប្រទេសដែលជាដៃគូពាណិជ្ជកម្មទំនិញសំខាន់ៗទាំងពីរនេះបានធ្លាក់ចុះនៅឆ្នាំ២០២០ បន្ទាប់ពីប្រទេសអូស្ត្រាលីបានអំពាវនាវឱ្យមានការស៊ើបអង្កេតអំពីប្រភពដើមជំងឺកូវីដ-១៩ ដែលបង្កឱ្យមានការសងសឹកដោយទីក្រុងប៉េកាំង រួមទាំងការដកហូតពន្ធប្រឆាំងការលក់បង្ខូចថ្លៃចំពោះស្រាអូស្ត្រាលី និងស្រូវបាឡេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕