(ជូបហ្សាណា)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ មនុស្សយ៉ាងហោច២នាក់បានបាត់បង់ជីវិត ខណៈដែលការធ្លាក់ភ្លៀងខ្លាំងបានវាយលុកទៅលើ​តំបន់ភាគខាងជើង និងខាងលិចប្រទេសស្លូវ៉ានីនៃតំបន់អឺរ៉ុបកណ្តាល បានបណ្តាលឱ្យមានការជន់លិចយ៉ាងខ្លាំងក្លា កាត់ផ្តាច់ប្រព័ន្ធថាមពល និងបង្កការរាំងស្ទះដល់ការធ្វើដំណើរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣។

​ទីភ្នាក់ងារព័ត៌មានស្លូវេនី STA បានរាយការណ៍ថា មានបុរស២នាក់មកពីប្រទេសហូឡង់បានស្លាប់ ទំនងជាដោយសារតែរន្ទះបាញ់ ខណៈខាង​រដ្ឋាភិបាលហូឡង់បានទទួលស្គាល់ចំពោះករណីស្លាប់នោះ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ពីមូលហេតុទេ។ បើតាម STA ស្រ្តីវ័យចំណាស់ម្នាក់ ដែលជាជនជាតិស្លូវេនី ក៏បានបាត់បង់ជីវិតអំលុងព្យុះភ្លៀងផងដែរ ប៉ុន្តែអាជ្ញាធរកំពុងស្រាវជ្រាវស្ថានភាពនៃការស្លាប់របស់គាត់នៅឡើយ។

ជាមួយគ្នានេះ ទីភ្នាក់ងារបរិស្ថានស្លូវេនី បានចេញសារប្រកាសអាសន្នពណ៌ក្រហមអំពីទឹកជំនន់ទ្រង់ទ្រាយធំ ខណៈដែលក្រុមអ្នកឧតុនិយមនិយាយថា ការធ្លាក់ភ្លៀងខ្លាំងក្លាដែលត្រូវរំពឹងថា នឹងរាលដាលទៅដល់ប្រទេសកូអាស៉ីនិងបូស្នីដែលនៅក្បែរខាងនោះ នឹងបន្តយ៉ាងហោច​រយៈពេល២៤ម៉ោងទៀត។

គួរបញ្ជាក់ថា ផ្លូវថ្នល់ជាច្រើនខ្សែនិងផ្លូវរថភ្លើងមួយចំនួន នៅតំបន់ភាគខាងជើងនិងខាងលិចស្លូវេនី ត្រូវបានបិទចរាចរណ៍បណ្តោះអាសន្ន ហើយអាជ្ញាធរបានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីជម្លៀសប្រជាជន ដែលនៅជាប់តាមផ្ទះដែលជន់លិចធ្ងន់ធ្ងរ ខណៈលំនៅឋានខ្ទង់១៦,០០០ខ្នង មិនមានអគ្គិសនីប្រើប្រាស់៕