(ស៉ីដនី)៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ១គ្រឿង របស់សហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់រដ្ឋអូស្រ្តាលីខាងលិច កាលពីថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលទីក្រុងកង់បេរ៉ានិងទីក្រុងវ៉ាស៉ីនតោន កំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងការពារជាតិទ្វេភាគី កាន់តែមានភាពស៉ីជម្រៅខ្លាំងថែមទៀត ហើយសម្ព័ន្ធមិត្តទាំងពីរក៏កំពុងត្រៀមលក្ខណៈផងដែរ​ សម្រាប់ការផ្ទេរបច្ចេកវិទ្យានាវាមុជទឹក​បែបនេះ ឱ្យមកប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣។

នាវាមុជទឹកអាមេរិកខាងលើ បានមកដល់មូលដ្ឋានយោធាជើងទឹកអូស្រ្តាលី HMAS Stirling ដែលស្ថិតនៅលើកោះ Garden Island សម្រាប់ការបំពេញទស្សនកិច្ច ដែលបាន​គ្រោងទុកជាមុន ក្រោមផ្នែកនៃបេសកកម្មល្បាតមួយរបស់នាវាមុជទឹកនោះ នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ មូលដ្ឋាន Stirling នឹងត្រូវឆ្លងកាត់ការពង្រីកបន្ថែម ក្នុងគម្រោងទំហំ៨ពាន់លានដុល្លារអូស្រ្តាលី (៥.២៧ពាន់លានដុល្លារអាមេរិក) ដើម្បីក្លាយជាមូលដ្ឋានធំមួយ សម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ចាប់ពីឆ្នាំ២០២៧ តទៅ នៅក្រោមភាពជាដៃគូ AUKUS រវាងអូស្រ្តាលី អាមេរិក និងអង់គ្លេស។

គួរបញ្ជាក់ថា ប្រទេសអូស្រ្តាលី គ្រោងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលបំពាក់មីស៉ីលគ្រូសធម្មតាមិនមែននុយក្លេអ៊ែរ នៅទសវត្សរ៍ក្រោយ ពីសហរដ្ឋអាមេរិក មុនពេលចាប់ផ្តើមផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់ថ្មី នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ អំលុងទសវត្សរ៍ឆ្នាំ២០៤០៕