(មូស្គូ)៖ មេបក្សប្រឆាំងរុស្ស៉ី លោក អាឡិចស៉ី ណាវ៉ាល់នី (Alexei Navalny) ដែលសព្វថ្ងៃកំពុងជាប់ឃុំឃាំងរួចស្រាប់ទៅហើយនោះ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទើបតែត្រូវបានតុលាការនៃប្រទេសរុស្ស៉ី សម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៩ឆ្នាំបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣។

លោក ណាវ៉ាល់នី អាយុ៤៧ឆ្នាំ គឺជាអ្នកនយោបាយ ដែលហ៊ានចេញមុខប្រឆាំងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ខ្លាំងជាងគេបំផុត នៅក្នុងប្រទេសរុស្ស៉ី។ បច្ចុប្បន្នអ្នកនយោបាយប្រឆាំងរូបនេះ កំពុងតែអនុវត្តទោសជាប់ពន្ធនាគាររយៈពេលសរុប១១ឆ្នាំ រួចស្រាប់ទៅហើយ ពាក់ព័ន្ធការចោទប្រកាន់មួយចំនួន ដែលរូបលោកអះអាងថា ជាបទល្មើសត្រូវបានគេប្រឌិតឡើង។

ចលនានយោបាយរបស់លោក ណាវ៉ាល់នី ក៏ត្រូវបានអាជ្ញាធររុស្ស៉ី ប្រកាសចាត់ទុកជាសកម្មភាពខុសច្បាប់ និងមានលក្ខណៈជ្រុលនិយម ផងដែរ។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ តុលាការរុស្ស៉ី បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារលោក ណាល់វ៉ានី រយៈពេល១៩ឆ្នាំបន្ថែមទៀត សម្រាប់បទចោទប្រកាន់ចំនួន៦ថ្មី ក្នុងនោះរួមមានទាំងការបំផុសបំផុល និងការផ្តល់ហិរញ្ញវត្ថុដល់សកម្មភាពជ្រុលនិយម ព្រមទាំងការបង្កើត​អង្គការជ្រុលនិយម។

គួរបញ្ជាក់ថា មេបក្សប្រឆាំងរុស្ស៉ីដ៏លេចធ្លោខាងលើ ដែលកាលពីអំលុងទសវត្សរ៍ឆ្នាំ២០១០ ធ្លាប់បានដឹកនាំប្រជាជនរុស្ស៉ីរាប់ម៉ឺននាក់ ចេញមកធ្វើបាតុកម្មតាមដងផ្លូវ ដើម្បីប្រឆាំងនឹងរបបដឹកនាំរបស់លោក ពូទីន ត្រូវបានអាជ្ញាធររុស្ស៉ីឃាត់ខ្លួន កាលពីខែមករា ឆ្នាំ២០២១ ក្រោយត្រឡប់មកកាន់ទីក្រុងមូស្គូ ពីប្រទេសអាល្លឺម៉ង់វិញ ជាទីដែលរូបលោកបានសម្រាកព្យាបាល នូវអ្វីដែលក្រុមអ្នកជំនាញលោកខាងលិច អះអាងថា ជាការបំពុលដោយប្រើប្រាស់ថ្នាំពុលសម័យសូវៀត៕