(វ៉ាស៊ីនតោន)៖ ប្រមុខគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីបំពេញ បេសកកម្មដ៏ពិបាកមួយ នោះគឺធ្វើឱ្យអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីតភ្ជាប់ទំនាក់ទំនងការទូតជាប្រក្រតីនឹងគ្នា។ ប្រទេសទាំង២នេះមិនមានទំនាក់ទំនងការទូត នឹងគ្នាជាផ្លូវការនោះទេ ហើយរហូតមកទល់នឹងបច្ចុប្បន្ន បណ្ដារដ្ឋអារ៉ាប់ភាគច្រើនបានបដិសេធភ្ជាប់ទំនាក់ទំនងជាមួយអ៉ីស្រាអែល នោះក៏ដោយសារតែពួកគេ ប្រឆាំងនឹងការធ្វើអាណានិគមរបស់អ៉ីស្រាអែលលើដែនដីប៉ាឡេស្ទីន។

នៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល​់ ត្រាំ បណ្ដាប្រទេសអារ៉ាប់មួយចំនួនរួមមាន៖ អេមីរ៉ាតអារ៉ាប់រួម បារ៉ែន ស៊ូដង់ និងម៉ារុក បានយល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែល មានឈ្មោះថា «Abraham Accords» កាលពីឆ្នាំ២០២០។ ដំបូងឡើយ រដ្ឋបាលលោក បៃដិន ត្រូវបានគេមើលឃើញថាបានដកខ្លួនឆ្ងាយពីគោលនយោបាយរបស់លោក ត្រាំ តែក្រោយមក បែរជាងាកមកបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីបញ្ចុះបញ្ចូល ឱ្យអារ៉ាប៊ីសាអូឌីតចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែលទៅវិញ បើទោះជាទីក្រុងរីយ៉ាដបានចុះកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងទូតឡើងវិញជាមួយអ៉ីរ៉ង់ ក្រោមការសម្របសម្រួលពីចិន ក្នុងឆ្នាំ២០២៣នេះក៏ដោយ។ ដូច្នេះថាតើវាមានប្រយោជន៍អ្វីទៅដែលតម្រូវឱ្យរដ្ឋបាលលោក បៃដិន ព្យាយាមនាំប្រទេសទាំង២ ភ្ជាប់ទំនាក់ទំនងការទូតផ្លូវការនឹងគ្នា?

ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅកាន់អារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានដាក់គោលដៅលើការផ្សះផ្សារវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ជាអាទិភាពកំពូលមួយរបស់ខ្លួន។ ចាប់តាំងពីពេលនោះមកដែរ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបំពេញទស្សនកិច្ច ជាច្រើនលើកទៅកាន់ទីក្រុងរីយ៉ាដ ដើម្បីជួបព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីនសាល់ម៉ាន ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានជួបព្រះអង្គម្ចាស់ប៊ីនសាល់ម៉ាន ផងដែរក្នុងដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ។

អំឡុងដំណើរទស្សនកិច្ចក្នុងទីក្រុងរីយ៉ាដ លោក Jake Sullivan បានបញ្ជាក់ច្បាស់ៗថាសហរដ្ឋអាមេរិកមានផលប្រយោជន៍ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាង អ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។ ការភ្ជាប់ទំនាក់ទំនងជាប្រក្រតី ដែលកំពុងត្រូវបានជជែកដេញដោលនៅក្នុងចំណោមអ្នករៀបចំគោលនយោបាយអាមេរិក មិន បានផ្ដោតជាសំខាន់លើការបង្កើតរដ្ឋប៉ាឡេស្ទីនមានឯករាជ្យភាពមួយនោះទេ។ នេះគឺផ្ទុយទាំងស្រុងពី «គំនិតផ្ដួចផ្ដើមសន្តិភាព» ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ចាប់តាំងពីឆ្នាំ២០០២មក ដែលប្រកាន់ជំហរឱ្យអ៉ីស្រាអែលបញ្ឈប់ការធ្វើអាណាគមន៍ និងចូលរួមជាមួយដំណោះស្រាយអន្តរជាតិ ជាថ្នូរនឹងការទទួលបាន សន្តិភាពជាមួយបណ្ដាប្រទេសជាសម្ព័ន្ធអារ៉ាប់។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏ធ្លាប់បានលើកឡើងដែរថាការផ្សះផ្សាគ្នា អាចនឹងលើកកម្ពស់សុខមាលភាពនៃប្រជាជនប៉ាឡេស្ទីន ប៉ុន្តែ មិនមានការបញ្ជាក់ឱ្យច្បាស់ថាតើវាមានន័យយ៉ាងណាចំពោះតំបន់ហ្គាហ្សា ឬក៏ថាតើការផ្សះផ្សាគ្នានេះអាចនឹងបញ្ឈប់ការធ្វើអាណានិគមន៍របស់អ៉ីស្រាអែលលើ ដែនដីប៉ាឡេស្ទីនបានឬក៏យ៉ាងណានោះទេ? ជាក់ស្ដែង ក្នុងឆ្នាំ២០២០ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអេមីរ៉ាតអារ៉ាប់រួម ក្រោមកិច្ចព្រមព្រៀង Abraham Accords អ៉ីស្រាអែលបានសន្យាថានឹងបញ្ឈប់ផែនការតាំងទីលំនៅខុសច្បាប់របស់ខ្លួននៅក្នុងតំបន់ West Bank។ ក៏ប៉ុន្តែ រដ្ឋាភិបាលអ៉ីស្រាអែលបច្ចុប្បន្ន នៅតែបន្តអនុវត្តគម្រោងនេះ ហើយថែមទាំងអនុម័តគម្រោងតាំងទីលំនៅខុសច្បាប់ថ្មីលើតំបន់ West Bank ទៀតផង។

នៅពេលនិយាយដល់រឿងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត លោក Sullivan បានលើកឡើងថាការភ្ជាប់ទំនាក់ទំនងផ្លូវការរវាងប្រទេសទាំង២ មានពាក់ព័ន្ធនឹង ប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ លោក Blinken ក៏បានសង្កត់ធ្ងន់ដែរថាការធ្វើសមាហរណកម្មអ៉ីស្រាអែលចូលក្នុងពិភពអារ៉ាប់ នឹងបម្រើដល់ ផលប្រយោជន៍អាមេរិក ព្រមទាំងនាំមកនូវស្ថិរភាពក្នុងតំបន់។ ប៉ុន្តែ អ្នកជំនាញខ្លះដូចជាលោក Stephen Walt ជាអ្នកវិទ្យាសាស្ត្រនយោបាយ មកពីសាកលវិទ្យាល័យ Harvard យល់ឃើញថាអ្នកដែលទទួលបានប្រយោជន៍ច្រើនជាងគេបំផុតគឺមានតែអ៉ីស្រាអែលប៉ុណ្ណោះ។ លោកបន្ថែមទៀតថា កិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត នឹងគ្រាន់តែជានិមិត្តរូប ហើយវាក៏មិនអាចដោះស្រាយបញ្ហាប៉ាឡេស្ទីនបាននោះឡើយ។

លើសពីនេះទៅទៀត ការកើនឡើងឥទ្ធិពលចិននៅលើពិភពលោក និងក្នុងតំបន់មជ្ឈិមបូព៌ា ក៏ប្រហែលអាចជាហេតុផលស្នូលនៅពីក្រោយការព្យាយាមទាញ អ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីតដែលសុទ្ធសឹងជាដៃគូសំខាន់ៗរបស់អាមេរិកឱ្យខិតជិតគ្នា។ គោលនយោបាយការបរទេសរបស់រដ្ឋបាលលោក បៃដិន គឺផ្តោតជា អាទិភាពលើការទប់ទល់នឹងចិន។ ចិនកាលពីពេលថ្មីៗនេះ សម្រេចបានជោគជ័យនូវកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងឡើងវិញរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ ដូច្នេះ រដ្ឋបាលលោក បៃដិន ក៏មិនអាចនៅស្ងៀមបានដែរដោយត្រូវតែព្យាយាមបញ្ចុះបញ្ចូលឱ្យអារ៉ាប៊ីសាអូឌីតភ្ជាប់ទំនាក់ទំនងជាមួយអ៉ីស្រាអែល ដើម្បីអាចបញ្ជាក់ឡើង វិញពីអំណាច និងឥទ្ធិពលការទូតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបានធ្លាក់ចុះក្រោយលោក បៃដិន ដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ក្នុងឆ្នាំ២០២១ សំដៅរក្សាទំនុកចិត្តពីសម្ព័ន្ធមិត្តអាមេរិកនៅជុំវិញពិភពលោក ជាពិសេសគឺក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតែម្ដង ដើម្បីកុំឱ្យពួកគេយល់ថាឥទ្ធិពល អាមេរិកកំពុងថយចុះ នៅចំពោះមុខការកើនឡើងឥទ្ធិពលចិន។

ចំណែក ហេតុផលចុងក្រោយគេ នោះគឺរដ្ឋបាលលោក ចូ បៃដិន មើលឃើញថាកិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត អាចនឹងជួយបង្កើនឥទ្ធិពលដល់ យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។ នៅត្រង់នេះបើតាមលោក Chas Freeman ជាអតីត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអារ៉ាប៊ីសាអូឌីត បានកត់សម្គាល់ថាកិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត អាចនឹងទាក់ទាញអ្នកបោះឆ្នោតមកពីនិន្នាការ កណ្ដាល និងស្ដាំ ហើយវាក៏អាចនឹងបង្កើនចំនួនអ្នកឧបត្ថម្ភលុយកាក់ ជាពិសេសក្រុមមហាសេដ្ឋីអាមេរិកមានដើមកំណើតជី្វហ្វ សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតរបស់លោក បៃដិនផងដែរ៕