(ម៉ូស្គូ)៖ ប្រភពពីរបាននិយាយកាលពីថ្ងៃសុក្រ (ទី០២ ខែសីហា) ថា នាវាចម្បាំងរុស្ស៊ីបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូន របស់អ៊ុយក្រែននៅពេលយប់លើមូលដ្ឋានទ័ពជើងទឹករុស្ស៊ីនៅសមុទ្រខ្មៅក្នុងទីក្រុង Novorossiysk បន្ទាប់ពីរុស្ស៊ីបាននិយាយថា ខ្លួនបានរារាំងការវាយប្រហារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣។

ប្រភពចារកម្មអ៊ុយក្រែនបាននិយាយថា នាវា Olinigorsky Gornyak ដែលជានាវាចុះចតរបស់កងទ័ពជើងទឹករុស្ស៊ី បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយមិនអាចបំពេញបេសកកម្មប្រយុទ្ធបានទេ បន្ទាប់ពីប្រតិបត្តិការរួមគ្នារវាងកងទ័ពជើងទឹកអ៊ុយក្រែន និងសេវាស៊ើបការណ៍សម្ងាត់របស់សេវាស៊ើបការណ៍អ៊ុយក្រែន។

ដោយឡែក ប្រភពដែលដឹងអំពីប្រតិបត្តិការរបស់កំពង់ផែនេះ ក៏បាននិយាយផងដែរថា នាវាចម្បាំងរុស្ស៊ីដ៏ធំមួយត្រូវតែសណ្តោងចូលច្រាំង បន្ទាប់ពីរងការខូចខាត តែមិនបានបញ្ចេញឈ្មោះរបស់នាវាឡើយ។

ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើការអះអាងអំពីការខូចខាតដល់នាវាចម្បាំងនេះនោះទេ។ ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍មុននេះ​ ក្រសួងការពារជាតិរុស្ស៉ីបានឲ្យដឹងថា ដ្រូនរបស់អ៊ុយក្រែន ដែលធ្វើប្រតិបត្តិការចេញពីផ្ទៃទឹក បានវាយប្រហារមូលដ្ឋានទ័ពជើងទឹករុស្ស៉ី ក្បែរទីក្រុងកំពង់ផែណូវ៉ូរ៉ូស៉ីស (Novorossiysk) នៃតំបន់សមុទ្រខ្មៅ នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការនាំចេញរបស់រុស្ស៉ី។ ប៉ុន្តែដ្រូនទាំងនោះ ត្រូវបានរុស្ស៉ីអះអាងថា បានបំផ្លាញ និងរារាំងដោយនាវាចម្បាំងរុស្ស៉ី៕