(ប៉េកាំង)៖ មានអ្នកសារព័ត៌មានបានសួរថា៖ យោងតាមដំណឹងផ្សាយឱ្យដឹងថា អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ បានប្រកាសនៅថ្ងៃទី២ខែសីហាថា លោកវីលៀមឡៃ(William Lai) មេដឹកនាំរងនៃតំបន់ចិនតៃវ៉ាន់នឹងចាកចេញពីតៃវ៉ាន់ ទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីចូលរួមក្នុងពិធីឡើងកាន់មុខដំណែង របស់ប្រធានាធិបតីប៉ារ៉ាហ្គាយនៅថ្ងៃទី១២ខែសីហា ហើយនឹង"ឆៀងចូល"ទីក្រុងNew Yorkនិងទីក្រុងSan Franciscoនៃប្រទេសអាមេរិក។តើអ្នកនាំពាក្យមានអត្ថាធិប្បាយយ៉ាងណាចំពោះការនេះ?

អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការប្រាស្រ័យទាក់ទងជាផ្លូវការ រវាងអាមេរិកនិងតំបន់ចិនតៃវ៉ាន់ទោះតាមទម្រង់ណាក៏ដោយ ប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពឆៀងចូលទៅកាន់ អាមេរិករបស់ពួកអបគមន៍ដែលចង់ឱ្យ"តៃវ៉ាន់ឯករាជ្យ" ទោះក្រោមលេសនិងហេតុផលណាមួយ ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះភាគីអាមេរិក ដែលបណ្តែតបណ្តោយនិងគាំទ្រពួកអបគមន៍ដែលចង់ឱ្យ "តៃវ៉ាន់ឯករាជ្យ"និងទង្វើបំបែកបំបាក់ប្រទេសជាតិទោះតាមទម្រង់ណាក៏ដោយ។ ភាគីចិននឹងយកចិត្តទុកដាក់តាមដាន យ៉ាងដិតដល់ចំពោះការវិវត្តនៃស្ថានការណ៍ ហើយនឹងចាត់វិធានការយ៉ាងមុតមាំនិងប្រកបដោយប្រសិទ្ធិភាព ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ៕

(អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន)