(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា ដ្រូនរបស់អ៊ុយក្រែន ដែលធ្វើប្រតិបត្តិការចេញពីផ្ទៃទឹក បានវាយប្រហារមូលដ្ឋានទ័ពជើងទឹករុស្ស៉ី ក្បែរទីក្រុងកំពង់ផែណូវ៉ូរ៉ូស៉ីស (Novorossiysk) នៃតំបន់សមុទ្រខ្មៅ នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការនាំចេញរបស់រុស្ស៉ី ហើយត្រូវបានបំផ្លាញដោយនាវាចម្បាំងរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣។

បើតាមសម្ព័ន្ធក្រុមហ៊ុន Caspian Pipeline Consortium ដែលប្រតិបត្តិការស្ថានីយ៍ប្រេងនៅទីនោះ ការវាយប្រហារបានបង្អាក់ដល់ដំណើរចូលចតនៃនាវាដឹកប្រេង នៅកំពង់ផែ Novorossiysk ។ យ៉ាងនេះក្តី គ្រឿងបរិក្ខាររបស់ក្រុមហ៊ុនមិនរងការខូចខាតទេ ហើយការផ្ទេរប្រេងបានបន្តពីលើកប៉ាល់ដែលចតរួច។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍ថា នៅព្រឹកថ្ងៃដដែលនោះ កងកម្លាំងការពារដែនអាកាសរុស្ស៉ី ក៏បានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនចំនួន ១០គ្រឿងលើតំបន់គ្រីមៀ ហើយប្រព័ន្ធការពារស្ទាក់ចាប់បាន ៣គ្រឿងថែមទៀត។

គួរបញ្ជាក់ថា Novorossiysk គឺជាកំពង់ផែដ៏ធំបំផុតមួយរបស់រុស្ស៉ី នៅតំបន់សមុទ្រខ្មៅ។ សមុទ្រកាស់ស្ពែន (Caspian) គឺជាផ្លូវនាំចេញដ៏សំខាន់នៃប្រេងឆៅរបស់កាហ្សាក់ស្ថាន។ ការប៉ះទង្គិចគ្នានៅសមុទ្រខ្មៅ និងកំពង់ផែដែលនៅជាប់គ្នារវាងរុស្ស៉ី-អ៊ុយក្រែន កាន់តែកើនឡើង ចាប់តាំងពីរុស្ស៉ីបានបដិសេធបន្តកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន កាលពីខែកក្កដា៕