(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) បានចាកចេញពីមន្ទីរពេទ្យឯកទេស​ផ្នែកបេះដូងវិញហើយ នាថ្ងៃសុក្រនេះ បន្ទាប់ពីរូបលោក បានចំណាយពេល៤ថ្ងៃ ដើម្បីសម្រាកតាមដានសុខភាពនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រភពដែលជិតស្និទ្ធជាមួយលោកអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានបង្ហើបឱ្យដឹងថា លោក មហាធៀរ ត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានជាតិផ្នែក​បេះដូង នៅរាជធានីគូឡាឡាំពួ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់ការពិនិត្យតាមដានសុខភាព ហើយនៅថ្ងៃសុក្រនេះ ប្រភពដដែលបានប្រាប់ថា លោក មហាធៀរ បានចាកចេញពីមន្ទីរពេទ្យវិញហើយ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក មហាធៀរ បានជួបប្រទះបញ្ហាបេះដូងមួយចំនួន ក្នុងនោះរួមមានការគាំងបេះដូងយ៉ាងតិច២លើក ហើយធ្លាប់ទទួលការវះកាត់សរសៃឈាមបេះដូងយ៉ាងហោច២ដង។ លោក មហាធៀរ ក៏ធ្លាប់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីខែធ្នូ ឆ្នាំ២០២១ និងកាលពីខែមករា ឆ្នាំ២០២២ ហើយ​សម្រាកនៅទីនោះអស់រយៈពេលប៉ុន្មានថ្ងៃផងដែរ ដើម្បីតាមដានសុខភាព។

អតីតមេដឹកនាំវ័យ៩៨ឆ្នាំរូបនេះ គឺឥស្សរជននយោបាយដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសម៉ាឡេស៉ី ដែលធ្លាប់កាន់អំណាចជា​នាយករដ្ឋមន្រ្តី២លើក សម្រាប់រយៈពេលសរុប២៤ឆ្នាំ។ លោកបានដឹកនាំម៉ាឡេស៉ីលើកដំបូង ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ ហើយបានត្រឡប់មកវិញសាជាថ្មី នៅឆ្នាំ២០១៨ ក្នុងវ័យ៩២ឆ្នាំ ប៉ុន្តែរដ្ឋាភិបាលចម្រុះរបស់លោក បានដួលរលំទៅវិញនៅឆ្នាំ២០២០ ដោយសារ​ការបែកបាក់ផ្ទៃក្នុង៕