(យូអិន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) បាននិយាយថា សហរដ្ឋអាមេរិកមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេពីប្រទេសចិន សម្រាប់ការអញ្ជើញរដ្ឋមន្រ្តីការបរទេសចិនថ្មី គឺលោក វ៉ាង យី (Wang Yi) ឱ្យមកបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣។

អាមេរិកបានធ្វើការអញ្ជើញលោក វ៉ាង យី ជាផ្លូវការក្នុងសប្តាហ៍នេះ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសចិនមុន គឺលោក ឈិន កាង (Qin Gang) ត្រូវបានទីក្រុងប៉េកាំងដកចេញពីតំណែង ដោយមិនមានការផ្តល់មូលហេតុអ្វីទាំងអស់ កាលពីចុងខែកក្កដាកន្លងទៅ។ លោក ឈិន បានបាត់មុខពីសាធារណៈតាំងតែពីថ្ងៃទី២៥ ខែមិថុនា មកម្ល៉េះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅព្រឹត្តិការណ៍មួយនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក លោក ប៊្លីនខិន បាននិយាយដូច្នេះថា «យើងមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ ប៉ុន្តែយើងរំពឹងថា នឹងទទួលបានឱកាសជួបមុខគ្នា ហើយបន្តកិច្ចសន្ទនាសំខាន់ៗ ដែលខ្ញុំមាននៅទីក្រុងប៉េកាំង នាពេលកន្លងមកនេះ។»

គួរបញ្ជាក់ថា លោក ប៊ីនខិន បានជួបលោក ឈិន កាង កាលពីថ្ងៃទី១៨ ខែមិថុនា ក្នុងដំណើរទស្សនកិច្ចលើកដំបូង នៃប្រមុខការទូតរបស់​សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ក្នុងរយៈពេល៥ឆ្នាំ។ លោក ប៊ី្លនខិន ក៏បានជួបលោក វ៉ាង យី ផងដែរ នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅឯទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី កាលពីខែកក្កដា ខណៈលោក វ៉ាង បានចូលរួម​កិច្ចប្រជុំនោះ ជំនួសលោក ឈិន។ លោក​ វ៉ាង យី ធ្លាប់កាន់តួនាទីជារដ្ឋមន្រ្តីការបរទេសចិន ម្តងរួចមកហើយ កាលពីចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០២២៕