(ឡុងដ៍)៖ រុស្ស៉ីបានបង្កើនគោលដៅនៃការចំណាយលើវិស័យយោធារបស់ខ្លួន ក្នុងឆ្នាំ២០២៣នេះ ឡើងដល់ជាង១០០ពាន់លានដុល្លារ ដែលស្មើនឹង១ភាគ៣ នៃផែនការចំណាយផ្សេងៗសរុបរបស់រដ្ឋាភិបាល ចំពោះមុខសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ដែលកំពុងបន្តអូសបន្លាយ ដោយមិនទាន់មើលឃើញពន្លឺនៃទីបញ្ចប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣។

យោងតាមប្រភពដែល Reuters ទទួលបាន គឺត្រឹមអំលុងឆមាសដំបូងនៃឆ្នាំ២០២៣នេះ រុស្ស៉ីបានចំណាយលើវិស័យការពារជាតិ លើសពីគោលដៅថវិកាទំហំប្រមាណ៤.៩៨ទ្រីលានរូប្លិ៍ (៥៤ពាន់លានដុល្លារ) ដែលខ្លួនបានកំណត់ដំបូង សម្រាប់ឆ្នាំ២០២៣ ដល់ទៅខ្ទង់១២ភាគរយ ឬស្មើនឹង ៦០០ពាន់លានរូបិ៍្ល (៦.៣៤ពាន់លានដុល្លារអាមេរិក) រួចស្រេចទៅហើយ។ ដូច្នេះហើយ ការចំណាយប្រចាំឆ្នាំលើ​វិស័យយោធារុស្ស៉ី ក្នុងឆ្នាំ២០២៣នេះ ត្រូវបានប៉ាន់ប្រមាណថា នឹងមានទំហំ៩.៧ទ្រីលានរូប្លិ៍ (ជាង១០០ពាន់លានដុល្លារ) ដែលស្មើនឹង​១ភាគរយ នៃផែនការចំណាយសរុបរបស់រដ្ឋាភិបាលរុស្ស៉ី សម្រាប់ឆ្នាំនេះ គឺ២៩.០៥ទ្រីលានរូប្លិ៍ (ជាង៣១០ពាន់លានដុល្លារ)។

គួរបញ្ជាក់ថា កាលពីចន្លោះឆ្នាំ២០១១-២០២២ ប្រទេសរុស្ស៉ីបានចំណាយក្នុងកម្រិតអប្បបរមា ១៣.៩ភាគរយ និងក្នុងកម្រិតអតិបរមា ២៣ភាគរយ នៃកញ្ចប់ថវិកាសរុបរបស់ខ្លួន ទៅលើវិស័យការពារជាតិ៕