(សេអ៊ូល)៖ ប៉ូលិសនៅប្រទេសកូរ៉េខាងត្បូង បានឃាត់ខ្លួនបុរសម្នាក់នាថ្ងៃសុក្រនេះ ដែលជាប់សង្ស័យយកកាំបិតចាក់លើគ្រូបង្រៀនម្នាក់ នៅឯទីក្រុងដេជុន (Daejeon) ខណៈមួយថ្ងៃមុនទើបតែកើតមាន ករណីបុរសម្នាក់បើករថយន្តបំបុក និងប្រើកាំបិតចាក់មនុស្សម្នានៅក្បែរ​រដ្ឋធានីសេអ៊ូល ហើយបង្កឱ្យ១៤នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣។

ហេតុការណ៍វាយប្រហារដោយកាំបិតថ្មីខាងលើ បានកើតឡើងនាវេលាព្រឹកថ្ងៃសុក្រនេះ។ យោងតាមប៉ូលិសទីក្រុង Daejeon ជនរងគ្រោះ គឺជា​លោកគ្រូបង្រៀនម្នាក់នៅវិទ្យាល័យ សុងឈុន (Songchon) ខណៈជនសង្ស័យ ជាបុរសម្នាក់ស្ថិតក្នុងវ័យក្បែរ៣០ឆ្នាំ។ ជនដៃដល់បានរង់ចាំឱ្យគ្រូបង្រៀនម្នាក់នោះ ដើរចេញពីថ្នាក់រៀន មុនធ្វើសកម្មភាពចាក់ដោយកាំបិត ហើយរត់គេចខ្លួនពីកន្លែងកើតហេតុ ដែលអាចជា​តំរុយថា អ្នកទាំងពីរទំនងជាស្គាល់គ្នា។ ដោយឡែក អាជ្ញាធរកូរ៉េខាងត្បូង មិនបានបញ្ជាក់ច្បាស់ពីស្ថានភាពជនរងគ្រោះឡើយ។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើកើតមានឡើង តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីករណីមួយផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍ នៅពេលបុរសម្នាក់អាយុ២២ឆ្នាំ បានបើករថយន្តបំបុកមនុស្សមួយក្រុមដែលកំពុងដើរលើចិញ្ចើមផ្លូវ រួចហើយចុះចេញពីរថយន្ត ឆ្ពោះចូលទៅក្នុងហាងលក់ទំនិញ ដែលនៅជាប់ស្ថានីយរថភ្លើងក្រោមដីមួយកន្លែង ដើម្បីធ្វើសកម្មភាពយកកាំបិតចាក់គេឯងផ្សេងទៀត នៅទីក្រុងរណប សឹងណាម (Seongnam) ក្បែរទីក្រុងសេអ៊ូល។ សរុបជារួម មនុស្ស១៤នាក់ បានរងរបួស ក្នុងនោះ៥នាក់ដោយសារការបើករថយន្តបុក និង៩នាក់ដោយសារការយកកាំបិតចាក់ ខណៈជនសង្ស័យ កំពុងស្ថិតក្រោមការឃាត់ខ្លួនរបស់ប៉ូលិស។ ចំណែកកាលពីខែកក្កដា កន្លងទៅ ក៏មានករណីបុរសម្នាក់ យកកាំបិតចាក់ទៅលើអ្នកដំណើរថ្មើរជើងយ៉ាងហោច៤នាក់ នៅក្នុងទីក្រុងសេអ៊ូល ហើយបណ្តាលឱ្យម្នាក់ស្លាប់ផងដែរ៕