(បេរូត)៖ ក្រុមភេរវករ ISIS កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសពីមរណភាពនៃមេដឹកនាំរបស់ខ្លួន គឺលោក អាប៊ូ អាល់ហ៊ូសេន អាល់ហ៊ូសេនី អាល់គូរ៉ាស៉ី (Abu al-Hussein al-Husseini al-Qurashi) ដែលត្រូវបានអះអាងថា ស្លាប់ក្នុងការប្រយុទ្ធគ្នានៅឯ​ភាគពាយព្យនៃប្រទេសស៉ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣។

ក្នុងសារជាសំឡេងមួយដែលបង្ហោះនៅលើ ឆាណែលតេឡេក្រាមរបស់ក្រុម ISIS អ្នកនាំពាក្យម្នាក់របស់ក្រុមភេរវករនេះ បានអះអាងថា មេដឹកនាំ ISIS ខាងលើ ត្រូវបានសម្លាប់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយក្រុមជីហាដ ហាយ៉ាត់ តារៀរ អាល់សាម (Hayat Tahrir al-Sham) នៅខេត្តអ៉ីដលីប (Idlib)។ ទន្ទឹមគ្នា អ្នកនាំពាក្យដដែល ក៏បានប្រកាសផងដែរថា មេដឹកនាំថ្មីរបស់ ISIS ដែលជា​មេដឹកនាំទី៥ហើយនោះ មានឈ្មោះថា អាប៊ី ហាហ្វសាន អាល់ហាស៉ីមី អាល់គូរ៉ាស៉ី (Abi Hafsan al-Hashimi al-Qurashi)។

ក្រុម ISIS បានកើនឡើងឥទ្ធិពលយ៉ាងខ្លាំងនៅប្រទេសអ៉ីរ៉ាក់និងស៉ីរី កាលពីឆ្នាំ២០១៤ ដោយទឹកដីមួយផ្នែកធំនៃប្រទេសទាំងពីរ បានស្ថិតក្រោមការកាន់កាប់របស់ក្រុមភេរវករនេះ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក ISIS ក៏ត្រូវបានកម្ចាត់ទៅវីញនៅអ៉ីរ៉ាក់ កាលពីឆ្នាំ២០១៧ និងនៅប្រទេសស៉ីរី ២ឆ្នាំបន្ទាប់មកទៀត។ ទោះជាបែបនេះក្តី បណ្តាញភ្នាក់ងាររបស់ ISIS ដែលសំងំលាក់ខ្លួន នៅតែបន្តធ្វើសកម្មភាពវាយប្រហារម្តងម្កាលដដែល ទាំងនៅប្រទេសអ៉ីរ៉ាក់និងនៅស៉ីរី។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ISIS បានប្រកាសថា មេដឹកនាំនាពេលនោះរបស់ខ្លួន ឈ្មោះ អាប៊ូ ហាសាន អាល់ហាស៉ីមី អាល់គូរ៉ាស៉ី (Abu Hasan al-Hashimi al-Qurashi) ត្រូវបានគេសម្លាប់។ ចំណែកមេដឹកនាំមុននោះទៀត គឺលោក អាប៊ូ អ៉ីប្រាហ៉ីម អាល់គូរ៉ាស៉ី (Abu Ibrahim al-Qurashi) ត្រូវបានគេសម្លាប់ កាលពីខែកុម្ភៈ ឆ្នាំដដែល ក្នុងប្រតិបត្តិការវាយឆ្មក់របស់​យោធាអាមេរិក នៅខេត្ត Idlib។ រីឯមេដឹកនាំដំបូងបំផុតរបស់ក្រុមភេរវករនេះ ឈ្មោះ អាប៊ូ បាកឺ អាល់បាកដាឌី (Abu Bakr al-Baghdadi) ក៏ត្រូវបានគេសម្លាប់នៅខេត្ត Idlib នៃប្រទេសស៉ីរីផងដែរ កាលពីខែតុលា ឆ្នាំ២០១៩៕