(មូស្គូ)៖ ការផ្សាយពាណិជ្ជកម្មដែលប្រកាសផ្តល់ថវិការចំនួន ៥,០០០ដុល្លារភ្លាមៗ សម្រាប់អ្នកចូលបម្រើក្នុងជួរកងទ័ពរុស្ស៉ី បានលេចឡើងនៅលើបណ្តាញអ៉ីនធឺណិតរបស់អ្នកប្រើប្រាស់ក្នុងប្រទេសកាហ្សាក់ស្ថាន ចំពោះមុខការកើនឡើងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣។

វីដេអូផ្សាយពាណិជ្ជកម្មដែលកំណត់គោលដៅយ៉ាងច្បាស់ទៅលើជនជាតិកាហ្សាក់ស្ថាន មានបង្ហាញទង់ជាតិរុស្ស៉ី និងកាហ្សាក់ស្ថាន រួមទាំងពាក្យស្លោក «ស្មាប្រកៀកស្មា»។ ពួកគេសន្យាថា នឹងបង់ប្រាក់មួយដងចំនួន ៤៩៥,០០០រូប្លិ៍ ឬស្មើនឹង ៥,៣០០ដុល្លារដល់អ្នកដែលចុះកុងត្រាជាមួយយោធារុស្ស៉ី បូករួមទាំងប្រាក់បៀវត្សរ៍ប្រចាំខែយ៉ាងតិច ១៩០,០០០រូប្លិ៍ ឬស្មើនឹង ២,០០០ដុល្លារ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងទៀត។ យ៉ាងនេះក្តី ក្រសួងព័ត៌មាន និងការអភិវឌ្ឍន៍សង្គមរបស់កាហ្សាក់ស្ថាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញការផ្សាយពាណិជ្ជកម្មនេះនោះទេ។

គួរបញ្ជាក់ថា កាហ្សាក់ស្ថាន គឺជាដែនដីនៃអតីតសហភាពសូវៀត និងជាជម្រករបស់ជនជាតិរុស្ស៉ីជាង ៣លាននាក់ ហើយជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៉ី។ ប៉ុន្តែទីក្រុងអាស្តាណា (Astana) មិនបានគាំទ្រសង្រ្គាមឈ្លានពាននៅអ៊ុយក្រែនទេ ហើយបានអំពាវនាវឲ្យមានការស្វែងរកសន្តិភាព៕