(ប៉េកាំង)៖ ចំហាយភ្លៀងដែលនៅសេសសល់ពីព្យុះទីហ្វុង បានរសាត់ឆ្ពោះទៅភាគឦសាននៃប្រទេសចិន បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកទន្លេជន់ឡើងក្នុងតំបន់ហៃឡុងជាំង (Heilongjiang) នៅថ្ងៃសុក្រនេះ ចំពេលដែលបាតុភូតអាកាសធាតុដ៏អាក្រក់នេះបានវាយលុកទីក្រុងនានា រួមទាំងទីក្រុងហាពីន (Harbin) ដែលជន់លិចដោយទឹកជំនន់រួចមកហើយនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣។

នៅថ្ងៃសុក្រនេះ តំបន់ Heilongjiang ត្រូវបានព្យាករថា នឹងជួបប្រទះអាកាសធាតុត្រជាក់ខ្លាំង ដែលរួមមានភ្លៀងធ្លាក់ខ្លាំងរយៈពេលខ្លី ផ្គររន្ទះ និងខ្យល់បោកបក់ នៅភាគខាងជើងតំបន់ គឺទីក្រុងឈីឈីហា (Qiqihar)។ ជាមួយគ្នានេះ ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករសម្រាប់ទីក្រុងជឺស៉ី (Jixi) នៅភាគខាងលិច និងទីក្រុងមូដានជាំង (Mudanjiang) នៅភាគខាងត្បូង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ទឹកទន្លេយ៉ាលូ (Yalu) ដែលលាតសន្ធឹងលើតំបន់ Heilongjiang និងម៉ុងហ្គោលីខាងក្នុង អាចនឹងឡើងលើសពីកម្រិតព្រមាន នៅយប់ថ្ងៃសុក្រនេះ។ ផ្នែកផ្សេងទៀតនៃភាគឦសានប្រទេសចិន រួមទាំងម៉ុងហ្គោលីខាងក្នុង ក៏នឹងឃើញមានភ្លៀងធ្លាក់ខ្លាំងផងដែរ។

គួរបញ្ជាក់ថា Heilongjiang ដែលជាតំបន់រោងចក្រផលិតគ្រាប់ធញ្ញជាតិ គឺជាទីតាំងចុងក្រោយបំផុតដែលរងការវាយប្រហារ ដោយឥទ្ធិពលព្យុះទីហ្វុងដុកស៊ូរី Doksuri បណ្តាលឲ្យមានមនុស្សស្លាប់ និងរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន បន្ទាប់ពីបានវាយលុកលើទីក្រុងប៉េកាំង និងទីក្រុងក្បែរៗនោះ៕