(យូអិន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាថារុស្ស៉ីអាចនាំចេញ ស្បៀងអាហារ ប្រសិនបើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញធញ្ញជាតិតាមសមុទ្រខ្មៅដោយសុវត្ថិភាពត្រូវបានស្ដារឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣។

រុស្ស៉ី កាលពីខែកក្កដាកន្លងទៅ បានសម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀងអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញធញ្ញជាតិតាមសមុទ្រខ្មៅ ដែលសម្រេចឡើងដោយមាន ការសម្របសម្រួលពីអង្គការសហប្រជាជាតិ និងតួកគី ក្នុងខែកក្កដា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះមានគោលដៅបន្ធូរបន្ថយវិបត្តិស្បៀងអាហារសកល ដែលបង្កឡើង ដោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯអង្គការសហប្រជាជាតិ លោក Blinken បានសង្កត់ធ្ងន់ដូច្នេះថា «ប្រសិនបើមានការត្រឡប់ចូលកិច្ចព្រមព្រៀងនេះវិញ ជាការពិតណាស់ យើងនឹងបន្តធ្វើអ្វីៗដែលចាំបាច់ ដើម្បីធានាឱ្យបានថាគ្រប់គ្នាអាចនាំចេញស្បៀងអាហារ និងផលិតផលចំណីអាហាររបស់ពួកគេដោយសេរី និងមានសុវត្ថិភាព ក្នុងនោះ រួមមានទាំងរុស្ស៉ីផងដែរ»។

គួរបញ្ជាក់ថា វិមានក្រឹមឡាំង កាលពីថ្ងៃពុធសប្តាហ៍នេះ ក៏បានបញ្ជាក់ឡើងវិញដែរនូវគោលជំហររបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដោយអះអាងថាត្រៀមខ្លួនជាស្រេចដើម្បីត្រឡប់ទៅវិញភ្លាមៗ នៅពេលណាដែលក្តីកង្វល់របស់រុស្ស៉ីត្រូវបានដោះស្រាយ។ ទីក្រុងមូស្គូ បានចាកចេញពីកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិកាលពីខែកក្កដា ក្រោមហេតុផលថាសហគមន៍អន្តរជាតិបរាជ័យក្នុងការធានាថា រុស្ស៉ីក៏អាចនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្មរបស់ខ្លួនដោយសេរី ជាផ្នែក មួយនៃកិច្ចព្រមព្រៀង។ ប៉ុន្តែលោកខាងលិចថា ការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្មរបស់រុស្ស៉ី មិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ពួកគេនោះទេ ខណៈទីក្រុង មូស្គូថាការរឹតបន្តឹងលើការទូទាត់ ការដឹកជញ្ជូន និងការធានារ៉ាប់រង គឺជាឧបសគ្គចំពោះការនាំចេញរបស់ខ្លួន៕