(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាលោកមិនបានប្រព្រឹត្តបទល្មើសអ្វីទាំងអស់ បន្ទាប់ពីត្រូវបានចោទប្រកាន់ជាផ្លូវការពីបទព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការព្យាយាមដោយខុសច្បាប់ ដើម្បីកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣។

លោក ដូណាល់ ត្រាំ ធ្វើការអះអាងខាងលើអំឡុងបង្ហាញខ្លួនចំពោះមុខចៅក្រមនៃតុលាការសហព័ន្ធមួយ ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។ ថ្លែងចេញពី អាកាសយានដ្ឋានមួយក្នុងរដ្ឋ Virginia ក្រោយចាកចេញពីតុលាការ អតីតប្រធានាធិបតីអាមេរិករូបនេះបានគូសបញ្ជាក់ដូច្នេះថា «នៅពេលដែល អ្នកសម្លឹងទៅមើលអ្វីដែលកំពុងកើតឡើង នេះគឺជាការធ្វើបាបលើអ្នកនយោបាយជាគូប្រជែងម្នាក់។ រឿងបែបនេះមិនគួរកើតឡើងនៅក្នុង សហរដ្ឋអាមេរិកទាល់តែសោះ»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារកន្លងទៅនេះ ត្រូវបានចោទប្រកាន់ចំនួន ៣បទចោទ ជុំវិញការសមគំនិតបោកបញ្ឆោតសហរដ្ឋអាមេរិក និងមួយបទចោទទាក់ទិននឹងការបង្កឧបសគ្គដល់ដំណើរការស្វែងរកយុត្តិធម៌។ ការចោទប្រកាន់ទាំងនេះមានកម្រាស់ ៤៥ទំព័រ និងត្រូវបានដាក់ជូន តុលាការក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដោយរដ្ឋអាជ្ញាពិសេសអាមេរិក លោក Jack Smith ដែលបានដឹកនាំការស៊ើបការអង្កេតលើ អតីតប្រធានាធិបតីអាមេរិករូបនេះ ក្នុងនាមក្រសួងយុត្តិធម៌អាមេរិក។

ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០ លោក ដូណាល់ ត្រាំ បានចាញ់ក្រោមថ្វីដៃលោក ចូ បៃដិន ប៉ុន្តែលោក ត្រាំ ចោទប្រកាន់ ដោយគ្មានភស្តុតាងថាមានការលួចបន្លំសន្លឹកឆ្នោត។ បើតាមឯកសារចោទប្រកាន់ខាងលើ ទោះបីជាចាញ់ក៏ជនជាប់ចោទ (លោក ត្រាំ) នៅតែ ក្រាញននៀលចង់ បន្តកាន់អំណាច។ ដូច្នេះជាង ២ខែក្រោយការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជនជាប់ចោទបានសាបព្រោះ ការភូតកុហកពីការលួចបន្លំសន្លឹកឆ្នោត ហើយអះអាងថាខ្លួនឯងជាឈ្នះ។ ចៅក្រមនៃតុលាការសហព័ន្ធក្នុងទីក្រុងវ៉ាស៊ីនតោន បានកំណត់សវនាការថ្មី លើសំណុំរឿងនេះនៅថ្ងៃទី២៨ ខែសីហា៕