(វ៉ាស៊ីនតោន)៖ ទាហានជើងទឹកអាមេរិក២នាក់ ត្រូវបានឃាត់ខ្លួន ពីបទចោទប្រកាន់ជុំវិញការផ្ដល់ព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងសន្តិសុខជាតិ ទៅឱ្យចិន។ នេះបើតាមក្រុមមន្ត្រីអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣។

ក្រុមមន្ត្រីអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានឱ្យដឹងថា ទាហានជើងទឹកឈ្មោះ វិនហិន ចៅ (Wenheng Zhao) មានអាយុ២៦ឆ្នាំ ត្រូវបាន ចោទប្រកាន់ពីបទសមគំនិត និងទទួលសំណូកជាទឹកប្រាក់ជិត ១៥,០០០ដុល្លារ ជាថ្នូរនឹងការផ្ដល់រូបថត និងវីដេអូនៃព័ត៌មានរសើបៗរបស់ យោធាអាមេរិក។ ចំណែក ទាហានជើងទឹកម្នាក់ទៀតឈ្មោះ ជីនឆាវ វើយ (Jinchao Wei) ដែលមិនត្រូវបានគេបញ្ជាក់ពីអាយុ ត្រូវចោទប្រកាន់ ពីបទសមគំនិតបញ្ជូនព័ត៌មានការពារជាតិទៅឱ្យចិន ជាថ្នូរនឹងប្រាក់រាប់ម៉ឺនដុល្លារ។

គួរបញ្ជាក់ថា ភ្លាមៗខាងស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ហើយព័ត៌មានខាងលើកើតមានឡើងចំពេល ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានស្គាល់ភាពតានតឹងនឹងគ្នាជាច្រើនឆ្នាំមកហើយ លើបញ្ហារាប់ចាប់ពីពាណិជ្ជកម្ម រហូតដល់យោធា។ កន្លងមក ទីក្រុងវ៉ាស៊ីនតោនក៏ធ្លាប់ចោទប្រកាន់ចិនពីការធ្វើចារកម្ម និងការវាយប្រហារព័ត៌មានវិទ្យាផងដែរ ប៉ុន្តែទីក្រុងប៉េកាំងបានច្រានចោល ការចោទប្រកាន់ទាំងនេះ៕