(សេអ៊ូល)៖ យ៉ាងហោចណាស់មនុស្ស ១៣នាក់បានរងរបួសនៅប្រទេសកូរ៉េខាងត្បូង នៅពេលដែលបុរសម្នាក់បានបើករថយន្តបុកចិញ្ចើមផ្លូវ បន្ទាប់មកបានចេញពីរថយន្ត ហើយចាប់ផ្តើមចាក់មនុស្សនៅខាងក្នុងផ្សារទំនើបក្បែរនោះ ក្នុងទីក្រុង Seongnam ។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៣​ ខែសីហា ឆ្នាំ២០២៣។

អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ០៩នាក់ត្រូវបានចាក់ដោយកូនកាំបិត និង ០៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដែលបានកើតឡើងនៅក្នុងតំបន់កម្សាន្ត ដែលមានមនុស្សច្រើនកោះករក្បែរស្ថានីយ៍រថភ្លើងក្រោមដី។ ប៉ូលីស​មិន​បាន​បញ្ជាក់​ថា​តើ​មាន​នរណា​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ឬ​យ៉ាង​ណា​នោះ​ទេ។

អាជ្ញាធរប៉ូលីសបានគូសបញ្ជាក់បន្ថែមថា មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណអាយុ​ ២០ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅនឹងកន្លែងកើតហេតុ។ ទោះជាយ៉ាងណា មិនមានការអត្ថាធិប្បាយ ជុំវិញហេតុផលដែលនៅពីក្រោយការវាយប្រហារនោះទេ៕