(មូស្គូ)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូណូវ (Anatoly Antonov) បាននិយាយនៅថ្ងៃពុធនេះថា កញ្ចប់ជំនួយយោធាថ្មីតម្លៃ ៣២៥លានដុល្លារដែលទើបនឹងប្រកាសផ្តល់ឲ្យអ៊ុយក្រែន នឹងជំរុញទីក្រុងវ៉ាស៊ីនតោនឲ្យកាន់តែធ្លាក់ចូលទៅជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

កញ្ចប់ជំនួយយោធាដែលនឹងរួមមានមីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស រ៉ុក្កែត គ្រាប់រំសេវផ្សេងៗ ហើយនិងរថពាសដែក ជាដើមនោះ ត្រូវបានប្រកាសស្របពេលដែលអ៊ុយក្រែនបានចាប់ផ្តើមប្រតិបត្តិការវាយបករបស់ខ្លួន ហើយបានមើលឃើញ​រថពាសដែកមួយចំនួន ដែលសហរដ្ឋអាមេរិកផ្តល់ឱ្យ ត្រូវបានបាត់បង់នៅលើសមរភូមិ។

តាមរយៈបណ្តាញតេឡេក្រាមរបស់ស្ថានទូត លោក អាន់តូណូវ បានគូសបញ្ជាក់ថា «សហរដ្ឋ​អាមេរិក​ចូលខ្លួនកាន់តែ​ជ្រៅ​ទៅ​ក្នុងវិបត្តិនៅអ៊ុយក្រែន។ ជាក់ស្តែង អ្នកយុទ្ធសាស្ត្រមកពីសហរដ្ឋអាមេរិក ហាក់ដូចជាមិនយល់សោះថា ចំនួនអាវុធ ឬក៏ការកំណត់គោលដៅលើទាហានស៊ីឈ្នួល អាចនឹងបង្វែរទិសដៅសង្រ្គាមរបស់រុស្ស៉ីបាននោះ»។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន នាខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់អ៊ុយក្រែន បានបញ្ជូនជំនួយយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារទៅកាន់ទីក្រុងកៀវ។

ក្រោមកញ្ចប់ជំនួយយោធាថ្មីនេះ អ៊ុយក្រែននឹងទទួលបានបន្ថែមទៀតនូវ មីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS, រ៉ុក្កែតសម្រាប់ប្រព័ន្ធបាញ់ផ្លោង HIMARS, គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ ព្រមទាំងប្រព័ន្ធប្រឆាំងយន្តហោះ Stinger ហើយនិងអាវុធសម្រាប់ប្រឆាំងរថក្រោះ៕