(ប្រាក)៖ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក ចូសេព វូ (Joseph Wu) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានជួបប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក ខណៈវាជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទ្វីបអឺរ៉ុប ដែលបានធ្វើឱ្យចិនបង្ហាញការមិនពេញចិត្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

លោក វូ ដែលស្ថិតក្នុងដំណើរទស្សនកិច្ចជាលើកទី២ មកកាន់ប្រទេសអឺរ៉ុបកណ្តាលមួយនេះ ដែលជាសមាជិករបស់អង្គការណាតូ (NATO) និង​សហភាពអឺរ៉ុប (EU) បានជួបពិភាក្សាគ្នាជាមួយលោក មីឡូស វីស្រ្ទើស៉ីល (Milos Vystrcil) ដែលជាអ្នកដឹកនាំកិច្ចប្រឹងប្រែងរបស់ប្រទេសឆែក ក្នុងការកសាងទំនាក់ទំនងឱ្យជិតស្និទ្ធជាមួយតៃវ៉ាន់ ហើយក៏ធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់ដែនកោះនេះ កាលពីឆ្នាំ២០២០ ថែមទៀតផង។ លោក វូ បានមកទស្សនកិច្ចនៅសាធារណរដ្ឋឆែក ជាលើកដំបូង កាលពីឆ្នាំ២០២១។

លោករដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ ក៏ត្រូវឡើងថ្លែងសុន្ទរកថា ក្នុងសន្និសីទសន្តិសុខមួយនៅទីក្រុងប្រាក ដែលមានវត្តមានប្រធានាធិបតីឆែក លោក ប៉េត្រេ ប៉ាវែល (Petr Pavel) ចូលរួម ហើយក្រោយមកចូលរួមពិសាក្នុងជំនួបក្រៅផ្លូវការ ជាមួយប្រធានរដ្ឋសភាប្រទេសឆែក លោកស្រី ម៉ាកេតា ប៉េការ៉ូវ៉ា-អាដាម៉ូវ៉ា នាថ្ងៃពុធនេះផងដែរ។ បើតាមប្រភពបានបង្ហើបឱ្យដឹងនាពេលកន្លងមក លោក វូ ក៏នឹងត្រូវបន្តដំណើរទៅកាន់ទីក្រុងព្រុចសែលនៃ​ប្រទេសបែលហ្ស៉ិក ដែលជាទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប ថែមទៀតផង។

គួរបញ្ជាក់ថា ពាក់ព័ន្ធដំណឹងទស្សនកិច្ចនេះ កាលពីសប្តាហ៍មុន ក្រសួងការបរទេសចិន បានចេញមុខទទូចអឺរ៉ុបកុំឱ្យធ្វើប្រាស្រ័យទាក់ទងផ្លូវការ​ណាមួយជាមួយតៃវ៉ាន់ ឬផ្តល់ការគាំទ្រដល់កម្លាំងចង់បានឯករាជ្យរបស់តៃវ៉ាន់។ តៃវ៉ាន់មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសអឺរ៉ុបមួយ​ណានោះទេ លើកលែងតែបុរីវ៉ាទីកង់របស់សម្តេចប៉ាប។ យ៉ាងណាមិញ តៃវ៉ាន់និងអឺរ៉ុបមានទំនាក់ទំនងមិនផ្លូវការដែលទូលំទូលាយមួយ ហើយ​ក្រុមប្រទេសអឺរ៉ុបកណ្តាលនិងខាងកើត ក៏បានបង្ហាញភាពខ្នះខ្នែងខ្លាំងឡើង ដើម្បីសម្តែងការគាំទ្រចំពោះតៃវ៉ាន់ផងដែរ ជាពិសេសក្រោយមាន​ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ ដែនកោះនេះត្រូវប្រទេសចិន ចាត់ទុកទឹកដីមិនអាចកាត់ផ្តាច់បានរបស់ខ្លួន៕