(មូស្គូ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ កំលុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាន និងអ្នកសរសេរប្លុកយោធារុស្ស៉ី ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានអះអាងថា កងកម្លាំងអ៊ុយក្រែនបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រតិបត្តិការវាយបករបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

លោក ពូទីន បានអះអាងថា អ៊ុយក្រែនបានបាត់បង់រថក្រោះ១៦០គ្រឿង និងរថពាសដែកផ្សេងទៀតប្រហែលជាង៣៦០គ្រឿង កំលុងការប្រយុទ្ធគ្នា​យ៉ាងខ្លាំងក្លានាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈខាងរុស្ស៉ីបានបាត់បង់រថក្រោះ និងរថពាសដែក សរុបតែ៥៤គ្រឿងប៉ុណ្ណោះ គិតចាប់តាំងពីពេល​ទីក្រុងកៀវបានបើកប្រតិបត្តិការវាយបកថ្មីរបស់ខ្លួន។ បើតាមលោកប្រធានាធិបតីរុស្ស៉ី ប្រតិបត្តិការវាយបកទ្រង់ទ្រាយធំរបស់អ៊ុយក្រែនបានចាប់ផ្តើម កាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែពុំទទួលបានជោគជ័យធំដុំ នៅតំបន់ណាមួយឡើយ។ លោកបានអះអាងបន្ថែមទៀតថា ទីក្រុងកៀវបានបាត់បង់កងទ័ពច្រើនជាងទីក្រុងមូស្គដល់ទៅ១០ដង។

ការអត្ថាធិប្បាយរបស់លោក ពូទីន ពាក់ព័ន្ធនឹងស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន ដូចខាងលើនេះធ្វើឡើង បន្ទាប់ពីរុស្ស៉ីបានអះអាងថា កងកម្លាំងខ្លួន​រឹបអូសបានរថក្រោះនិងរថពាសដែកទំនើបៗរបស់លោកខាងលិច ដែលរងការខូចខាតក្នុងសមរភូមិ ក៏ដូចជាបន្ទាប់ពីការវាយប្រហារដោយមីស៉ីល​របស់រុស្ស៉ី ទៅលើស្រុកកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបានផ្តាច់ជីវិតមនុស្សជាង១០នាក់ ក្រោយអគារ​ស្នាក់នៅមួយខ្នង ត្រូវមីស៉ីលបាញ់ចំ។

គួរបញ្ជាក់ថា ពាក់ព័ន្ធប្រតិបត្តិការវាយបករបស់អ៊ុយក្រែន បើតាមការអះអាងរបស់លោក ហ្សេលេនស្គី វិញ គឺកងទ័ពរបស់លោក កំពុងបន្តទទួលបានភាពរីកចម្រើន នៅឯសមរភូមិជួរមុខភាគខាងកើតនិងខាងត្បូងប្រទេស ដោយភូមិជាបន្តបន្ទាប់ត្រូវរំដោះបានយកមកវិញ។ ចំណែកមេបញ្ជាការយោធារបស់អ៊ុយក្រែន ក៏បានអះអាងផងដែរថា ខ្សែបន្ទាត់ការពាររបស់កងកម្លាំងរុស្ស៉ីកំពុងបន្តចុះទន់ខ្សោយ៕