(វ៉ាស៉ីនតោន)៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក ជែន ស្តូលថិនបឺគ (Jens Stoltenberg) បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯសេតវិមានកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រោមការជួយជ្រោមជ្រែងយ៉ាងសស្រាក់សស្រាំពីលោកខាងលិច អ៊ុយក្រែនកំពុងតែបង្កើត​ភាពរីកចម្រើន នៅក្នុងប្រតិបត្តិការវាយបកដើម្បីរុញច្រានកងកម្លាំងរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

លោក ស្តូលថិនបឺគ ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន មុនកិច្ចប្រជុំកំពូល NATO នៅឯប្រទេសលីទុយអានីនាខែកក្កដាខាងមុខ បានបង្ហាញពីទស្សនៈរបស់លោក ចំពោះកិច្ចប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការកែប្រែស្ថានការណ៍នៃសង្រ្គាមជាមួយរុស្ស៉ី។ ក្នុងជំនួបជាមួយលោក បៃដិន លោក ស្តូលថិនបឺគ បានលើកឡើងដូច្នេះថា «អ៊ុយក្រែនកំពុងតែបង្កើតភាពរីកចម្រើន, កំពុងតែរុលឆ្ពោះទៅមុខ។ ទឹកដីកាន់តែច្រើន ដែលអ៊ុយក្រែនអាចរំដោះបានមកវិញ នឹងជួយអ៊ុយក្រែនឱ្យប្រៀបនៅក្នុងតុចរចាជាមួយរុស្ស៉ី ទៅតាមនោះដែរ»។ លោកបានបង្ហាញក្តីសង្ឃឹមថា ការវាយបក​របស់អ៊ុយក្រែន នឹងអាចបង្ខំឱ្យរុស្ស៉ីងាកមករកការចរចាគ្នាវិញ ដើម្បីរកផ្លូវបញ្ចប់សង្រ្គាម។

គួរបញ្ជាក់ថា លោក បៃដិន បានបានបង្ហាញស្វាគមន៍ ចំពោះទស្សនៈរបស់ប្រមុខអង្គការ NATO ដែលនឹងត្រូវចុះចេញពីតំណែងក្នុងឆ្នាំនេះ បន្ទាប់ពីអាណត្តិរបស់លោកបញ្ចប់​ទៅនៅខែតុលា។ លោកប្រធានាធិបតីអាមេរិក បាននិយាយថា ប្រតិកម្មរបស់អង្គការ NATO ចំពោះការឈ្លានពាន​របស់រុស្ស៉ី បានធ្វើឱ្យបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ កាន់តែមានភាពរឹងមាំថែមទៀត៕