(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀតមានទំហំ៣២៥លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលនឹងរួមមានមីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស រ៉ុក្កែត គ្រាប់រំសេវផ្សេងៗ ហើយនិងរថពាសដែក ជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកាសកញ្ចប់ជំនួយយោធាថ្មីខាងលើនេះធ្វើឡើង ស្របពេលដែលអ៊ុយក្រែនបានចាប់ផ្តើមប្រតិបត្តិការវាយបករបស់ខ្លួន ហើយបានមើលឃើញ​រថពាសដែកមួយចំនួន ដែលសហរដ្ឋអាមេរិកផ្តល់ឱ្យ ត្រូវបានបាត់បង់នៅលើសមរភូមិ។ ក្រោមកញ្ចប់ជំនួយ អ៊ុយក្រែននឹងទទួលបានបន្ថែមទៀតនូវ មីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS, រ៉ុក្កែតសម្រាប់ប្រព័ន្ធបាញ់ផ្លោង HIMARS, គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ ព្រមទាំងប្រព័ន្ធប្រឆាំងយន្តហោះ Stinger ហើយនិងអាវុធសម្រាប់ប្រឆាំងរថក្រោះ។

គួរបញ្ជាក់ថា ក្រៅពីនេះ វាក៏នឹងមានរួមរថពាសដែកប្រយុទ្ធ Bradley ១៥គ្រឿង, រថពាសសម្រាប់ដឹកកងទ័ព Stryiker ១០គ្រឿង, ឧបករណ៍​សម្រាប់ទាក់ទងដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងគ្រាប់រាប់លានគ្រាប់ទៀតសម្រាប់អាវុធធុនតូច ផងដែរ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ទីក្រុងវ៉ាស៉ីនតោនបានផ្តល់ជំនួយផ្នែកសន្តិសុខសរុបជាង ៤០ពាន់លានដុល្លារហើយដល់អ៊ុយក្រែន គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីកាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕