(វ៉ាស៊ីនតោន)៖ នៅបន្ទាប់ពីការទន្ទឹងរង់ចាំអស់ជាច្រើនខែ នៅទីបំផុតទៅ កងកម្លាំងរបស់អ៊ុយក្រែនដែលទទួលបានការបណ្ដុះបណ្ដាលយុទ្ធសាស្ត្រសង្រ្គាម និងបំពាក់ដោយអាវុធទំនើបៗផ្គត់ផ្គង់ដោយលោកខាងលិច បានចាប់ផ្ដើមប្រតិបត្តិការវាយបកប្រឆាំងនឹងរុស្ស៉ីហើយ នៅឯសមភូមិមុខក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេស។ ប្រតិបត្តិការវាយបកនេះត្រូវបានក្រុមមន្ត្រីនៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប យល់ថាអាចនឹងក្លាយជាចំណុច របត់ថ្មីមួយនៃសង្រ្គាមចាយពេលអស់ជាង១៥ខែមកនេះ។

ប៉ុន្តែ ខណៈប្រតិបត្តិការវាយបករបស់អ៊ុយក្រែន កំពុងបង្កឱ្យមានការចោទសួរពីអនាគតនៃការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែន អ្វីដែលសំខាន់ជាងនេះ ទៅទៀតនោះគឺថា «តើសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ុយក្រែន បានកំណត់និយមន័យបែបណាលើជ័យជម្នះនៃប្រតិបត្តិការវាយបកប្រឆាំងរុស្ស៉ី? ជាសាធារណៈ ក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប បានទុកឱ្យលោកប្រធានាធិបតី ហ្សេលេនស្គីខ្លួនឯងជាអ្នកកំណត់និយមន័យជ័យជម្នះ។ ក្នុងពេលបច្ចុប្បន្ន លោក ហ្សេលេនស្គី ក៏មិន បានបញ្ជាក់ឱ្យច្បាស់ថាតើអ្វីទៅជាគោលដៅ ឬជ័យជម្នះពិតប្រាកដរបស់អ៊ុយក្រែននោះដែរ ដោយបានត្រឹមទទូចជារឿយៗថាត្រូវបណ្ដេញកងទ័ពរុស្ស៉ីទាំងអស់ឱ្យ ចេញពីទឹកដីអ៊ុយក្រែន។

ដោយឡែក ជាលក្ខណឯកជនវិញ ក្រុមមន្ត្រីអាមេរិក និងអឺរ៉ុបបានយល់ស្របដូចគ្នាថាការបណ្ដេញកងទ័ពរុស្ស៉ីទាំងអស់ចេញពីទឹកដីអ៊ុយក្រែន ទំនងជានឹងមិន អាចទៅរួចឡើយ។ តែក្នុងពេលជាមួយគ្នា វាមានប្រធានបទចំនួន២ ដែលកំពុងលេចឡើងជា «គំនិតនៃភាពជោគជ័យ»៖ ទី១ កងទ័ពអ៊ុយក្រែនត្រូវដណ្ដើមយក មកវិញ ក៏ដូចជាកាន់កាប់ទឹកដីសំខាន់ៗរបស់ខ្លួនដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងដោយទាហានរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ។ ចំណែក ទី២ អ៊ុយក្រែនត្រូវតែបង្កការខាតបង់ធ្ងន់ធ្ងរដល់ទាហានរុស្ស៉ី រហូតដល់បង្ខំឱ្យវិមានក្រឹមឡាំងចោទសួរពីអនាគតនៃជម្រើសយោធារបស់ខ្លួន នៅអ៊ុយក្រែន។

បើតាមក្រុមអ្នកវិភាគ ជោគជ័យមួយចំនួន ពោលគឺមិនថាជាការសម្លាប់កងទ័ពរុស្ស៉ី ឬការដណ្ដើមបានទឹកដីមួយចំនួនពីរុស្ស៉ីមកវិញនោះទេ ឬក៏អាចទាំង២ តែម្ដង អាចនឹងជួយឱ្យទីក្រុងកៀវ ទទួលបាននូវជំនួយយោធាបន្ថែមពីអឺរ៉ុប និងសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ វាក៏នឹងបង្កើនទំនុកចិត្តនៅក្នុងចំណោមសម្ព័ន្ធមិត្ត លោកខាងលិចថាយុទ្ធសាស្ត្ររបស់ពួកគេ ក្នុងការប្រែក្លាយកងទ័ពអ៊ុយក្រែនទៅជាយោធាបែបខាងលិចកំពុងដំណើរការទៅមុខ ហើយកាន់តែពិសេសទៅទៀត លទ្ធផលបែបនេះនឹងជំរុញការគាំទ្រកាន់តែខ្លាំងនៅក្នុងបណ្ដាប្រទេសអឺរ៉ុប ចំពោះការផ្ដល់ការធានាសន្តិសុខរយៈពេលវែងដល់ទីក្រុងកៀវ និងជួយឱ្យអ៊ុយក្រែន មានជំហររឹងមាំ ក្នុងករណីមានកិច្ចចរចាសន្តិភាពណាមួយជាមួយរុស្ស៉ី នៅពេលអនាគត។

តែទោះជាបែបនេះក្ដី គ្មាននរណាម្នាក់អាចធានាបាននូវជ័យជម្នះភ្លាមៗនោះទេ។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក យោធាអ៊ុយក្រែនត្រូវបានកាសែតលោកខាងលិច ចុះផ្សាយយ៉ាងព្រោងព្រាតថាជាយោធាមួយមានទឹកចិត្តប្រយុទ្ធយ៉ាងអង់អាច ប្រកបដោយគំនិតច្នៃប្រឌិត និងមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់អាវុធផ្ដល់ដោយ លោកខាងលិចយ៉ាងមានប្រសិទ្ធភាពនាពេលកន្លង។ ប៉ុន្តែ ជាច្រើនខែមកនេះ អ៊ុយក្រែនមិនអាចសម្រេចបាននូវជោគជ័យធំដុំណាមួយ ក្នុងការវាយបណ្ដេញ កងទ័ពរុស្ស៉ីចេញពីខ្សែការពារបានឡើយ ដោយនៅលើសមរភូមិក៏មិនទាន់មានប្រែប្រួលអ្វីជាពិសេសនោះដែរ មិនដូចកាលពីអ៊ុយក្រែនវាយបណ្ដេញកងទ័ពរុស្ស៉ី ចេញពីតំបន់ខាកៀវ និងទីក្រុងខឺសុន កាលពីឆ្នាំ២០២២ឡើយ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានវាយតម្លៃថាអាចមានសេណារីយ៉ូដែលអ៊ុយក្រែននឹងទទួលបានជោគជ័យមួយចំនួនតូច នៅក្នុងការចាប់ផ្ដើមប្រតិបត្តិការ វាយបកប្រឆាំងនឹងរុស្ស៉ី ដោយដណ្ដើមមកវិញនូវផ្នែកខ្លះនៃតំបន់ដុនបាស់ ឬវាយរុញច្រានកងទ័ពរុស្ស៉ីចេញពីតំបន់កសិកម្ម និងរ៉ែ ឬផ្គត់ផ្គង់ថាមពលសំខាន់ណាមួយ ស្ថិតនៅក្នុងតំបន់ភាគអាគ្នេយ៍របស់អ៊ុយក្រែន។ ក្នុងន័យនេះការដណ្ដើមបានមកវិញនូវរោងចក្រនុយក្លេអ៊ែរក្នុងតំបន់ Zaporizhzhia ជារោងចក្រនុយក្លេអ៊ែរធំមួយ ក្នុងចំណោមរោងចក្រនុយក្លេអ៊ែរធំៗនៅលើពិភពលោក និងជាប្រភពផ្គត់ផ្គង់អគ្គិសនីដ៏សំខាន់ នឹងក្លាយជាជ័យជម្នះទាំងជានិមិត្តរូប និងយុទ្ធសាស្ត្រសម្រាប់ អ៊ុយក្រែន។

ក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប ក៏ធ្លាប់បាននិយាយដែរថាវាគឺជារឿងមួយសំខាន់បំផុត សម្រាប់អ៊ុយក្រែនដែលត្រូវប្រឹងប្រែងធ្វើយ៉ាងណាអាចកាត់ផ្ដាច់ ឬឡោមព័ទ្ធច្រកផ្លូវ ដែលតភ្ជាប់ពីទឹកដីអ៊ុយក្រែន ទៅកាន់តំបន់គ្រីមៀគ្រប់គ្រងដោយរុស្ស៉ី។ ច្រកផ្លូវនេះបានក្លាយជាផ្លូវផ្គត់ផ្គង់ដ៏ចម្បងបំផុតដល់យោធារុស្ស៉ី ក្នុងតំបន់គ្រីមៀ។ ទីក្រុងកៀវ កន្លងមកធ្លាប់បានបង្ហាញថាពួកគេចង់ដណ្ដើមយកតំបន់ឆ្នេរភាគអាគ្នេយ៍នៃសមុទ្រ Azov មកវិញ។ នៅក្នុងសេណារីយ៉ូនេះ បើអាចកាន់កាប់តំបន់ឆ្នេរនេះបានពិតមែន នោះអ៊ុយក្រែនអាចកាត់ផ្ដាច់តំបន់គ្រីមៀ រីឯលោក ហ្សេលេនស្គីក៏អាចចាត់ទុកថានេះជាជ័យជម្នះមួយដ៏ធំដែរ។ ម្យ៉ាងវិញទៀត បើទោះជាអ៊ុយក្រែនមិនអាចគ្រប់គ្រង តំបន់ឆ្នេរនេះបានក៏ដោយ ឱ្យតែអ៊ុយក្រែនអាចដណ្ដើមបានទីក្រុងសំខាន់ណាមួយក្នុងតំបន់ភាគខាងត្បូងអ៊ុយក្រែន នោះច្រកផ្លូវភ្ជាប់ទៅកាន់តំបន់គ្រីមៀ នឹងត្រូវ បង្រួមកាន់តែតូច។

ឈរនៅលើទីតាំងបែបនេះ កងកម្លាំងអ៊ុយក្រែនអាចនឹងប្រើប្រាស់កាំភ្លើងធំរយៈចម្ងាយមធ្យម គំរាមកំហែងដល់ទីបញ្ជាការរបស់កងទ័ពរុស្ស៉ីនៅលើតំបន់គ្រីមៀ ព្រមទាំង ក្បួនរថយន្ដផ្គត់ផ្គង់យោធារុស្ស៉ីនៅតាមបណ្ដោយឆ្នេរ។ ជាការពិតណាស់ ការវាយដណ្ដើមបានទឹកដីមកវិញជារឿងសំខាន់ តែការកាន់កាប់ទឹកដីឱ្យបាន វារឹតតែសំខាន់ទៅទៀត។ សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ប្រតិបត្តិការវាយបករបស់អ៊ុយក្រែននឹងក្លាយជាភស្តុតាងបញ្ជាក់ថាតើផែនការប្រែក្លាយអ៊ុយក្រែន ទៅជាយោធាមួយបែបលោកខាងលិចដែលប្រយុទ្ធដោយប្រើយុទ្ធសាស្ត្រ និងអាវុធ NATO អាចផ្ដួលយក្សដូចជារុស្ស៉ីនៅលើសមរភូមិបានដែរឬក៏យ៉ាងណា?

ក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប បានតែងតែលើកឡើងថាគោលដៅដ៏សំខាន់នៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែន គឺធ្វើឱ្យយោធារុស្ស៉ីទន់ខ្សោយដល់កម្រិត មួយដែលមិន អាចឈ្លានពានគេឯងតទៅទៀតនៅពេលអនាគត។ រុស្ស៉ីបានចំណាយទាហាន និងបរិក្ខារយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងសមរភូមិបាកមូត ដែលនេះគឺជាអ្វី ដែលអ៊ុយក្រែន អាមេរិក និងអឺរ៉ុបចង់បាន ដូចដែលមន្ត្រី NATO ម្នាក់បាននិយាយថាភាពជោគជ័យ នោះគឺវាយបណ្ដេញកងទ័ពរុស្ស៉ី ឬសម្លាប់កងទ័ពរុស្ស៉ីឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែ ក្រោយបរាជ័យនៅលើសមរភូមិជាបន្តបន្ទាប់កាលពីឆ្នាំមុន កងទ័ពរុស្ស៉ីត្រូវបានគេមើលឃើញថាមានភាពល្អប្រសើរជាងមុន ក្នុងការរក្សាជំហរការពារ តាមរយៈការកែតម្រូវ និងរៀនសូត្រពីបរាជ័យកន្លងមក ព្រមទាំងពង្រឹងខែ្សការពារយ៉ាងខ្លាំងដើម្បីត្រៀមខ្លួនទប់ទល់នឹងប្រតិបត្តិការវាយបក ពីសំណាក់ទាហានអ៊ុយក្រែន។

បើតាមក្រុមអ្នកជំនាញយោធា កងទ័ពដែលរក្សាជំហរការពារ គឺមានភាពអំណោយផលជាងកងទ័ពដែលធ្វើការវាយលុក ហើយកងទ័ពរុស្ស៉ីក៏អាចរង់ចាំមើលចន្លោះ ប្រហោងរបស់អ៊ុយក្រែនដើម្បីវាយបកវិញផងដែរ។ ណាមួយកងទ័ពអាកាសរុស្ស៉ីក៏មិនទាន់ចូលរួមពេញទំហឹងក្នុងសង្រ្គាមសព្វថ្ងៃនោះដែរ ហើយបើរុស្ស៉ីបើក ការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើទីក្រុងរបស់អ៊ុយក្រែន នោះវាក៏អាចនឹងបង្កភាពស្មុគស្មាញដល់ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនផងដែរ។ ដូច្នេះហើយទើបអ្នកជំនាញលោកខាងលិចជាច្រើនព្រមានកុំឱ្យប្រញាប់រំពឹងខ្ពស់ពេកពីប្រតិបត្តិការវាយបករបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងមេដឹកនាំអឺរ៉ុប បានបញ្ជាក់ថាការគាំទ្ររបស់ពួកគេគឺមិនមែនអាស្រ័យទៅលើលទ្ធផល នៃប្រតិបត្តិការវាយបក របស់អ៊ុយក្រែននោះទេ។ ប៉ុន្តែ តិច ឬច្រើន ប្រសិនបើប្រតិបត្តិការវាយបកនេះបរាជ័យ ឬក៏មិនអាចធ្វើឱ្យស្ថានការណ៍នៅសមរភូមិប្រែប្រួលជាដុំកំភួនទេ វានឹងបង្កឱ្យ មានការខ្វែងគំនិតគ្នាកាន់តែខ្លាំង ក៏ដូចជាការព្រួយបារម្ភទាំងនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបថាតើសង្រ្គាមនឹងអូសបន្លាយដល់ពេលណា? តើវានឹងបង្កការខាតបង់ ខាងសេដ្ឋកិច្ចដល់កម្រិតណា ហើយតើពួកគេត្រូវដោះស្រាយបញ្ហាតម្លៃថាមពល និងចំណីអាហារក្នុងរយៈពេលយូរយ៉ាងដូចម្ដេច? ខណៈកាន់តែព្រួយបារម្ភ ទៅទៀត នោះគឺគេកំពុងរង់ចាំមើលថាតើនរណានឹងក្លាយជាប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ខាងមុខ។ ក្នុងពេលនេះអ្វីដែលក្រុមមន្ត្រីអាមេរិករំពឹង គឺអ៊ុយក្រែន អាចសម្រេចបាននូវភាពរីកចម្រើន ក្នុងកម្រិតសមល្មមមួយ ដើម្បីហៅវាថាជាជ័យជម្នះមួយ៕