(កៀវ)៖ ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​រុស្សី​ លើ​ស្រុក​កំណើត​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​សម្លាប់​មនុស្ស ១១ នាក់​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ (១៣ មិថុនា) ខណៈ​ក្រុង​ម៉ូស្គូ​បាន​និយាយ​ថា ខ្លួនក៏បាន​រឹបអូសយក​រថពាសដែក​លោក​ខាង​លិច​ពី​កង​កម្លាំង​ក្រុង​កៀវផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ការវាយប្រហារពេញមួយយប់ បានវាយប្រហារទីតាំងជាច្រើន ហើយបានវាយកម្ទេចអគារផ្ទះល្វែងកម្ពស់ប្រាំជាន់នៅទីក្រុង Kryvyi Rig​ ភាគកណ្តាលអ៊ុយក្រែន។ លោក Sergei Lysak អភិបាលនៃតំបន់ Dnipropetrovsk បាននិយាយថា «ក្នុងអំឡុងពេលយប់ដ៏អាក្រក់កន្លងទៅនេះ សត្រូវបានសម្លាប់ជនស៊ីវិល១១នាក់នៅក្នុងទីក្រុង»

មុននេះ មន្ត្រី​ឱ្យដឹងថាមានចំនួន​មនុស្សស្លាប់តែ ១០​នាក់ប៉ុណ្ណោះ ប៉ុន្តែ​លោក Lysak បាន​និយាយ​ថា មនុស្ស​ម្នាក់​ទៀត​ត្រូវ​បាន​ទាញ​ចេញ​ពី​គំនរ​បាក់បែក ជាមួយនឹងការគូសបញ្ជាក់ឱ្យដឹងថា «​ប្រតិបត្តិការ​ស្វែងរក និង​សង្គ្រោះ​បាន​បញ្ចប់​ហើយ​»​

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បាននិយាយបន្ទាប់ពីការវាយប្រហារនេះថា កងកម្លាំងរុស្ស៊ីកំពុងធ្វើសង្គ្រាមលើ «អគារលំនៅដ្ឋាន ទីក្រុងធម្មតា និងប្រជាជន»

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងដូច្នេះថា «ភេរវករនឹងមិនដែលត្រូវបានលើកលែងទេ ហើយនឹងទទួលខុសត្រូវចំពោះរាល់មីស៊ីលដែលពួកគេបានបាញ់»

សំឡេងស៊ីរ៉ែនបានបន្លឺឡើងនៅទូទាំងប្រទេសអ៊ុយក្រែន ខណៈដែលរដ្ឋធានីកៀវ និងទីក្រុងខាគីវភាគឦសានបានទទួលរងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកកាលពីយប់កន្លងទៅនេះ។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ពេញមួយយប់ រុស្ស៊ីបានបាញ់មីស៊ីលឆ្លងទ្វីបចំនួន ១៤គ្រាប់ និងយន្តហោះដ្រូនដែលផលិតដោយអីរ៉ង់ចំនួន ៤គ្រឿង ខណៈមីស៉ីលចំនួន ១០ដើម និងយន្តហោះគ្មានមនុស្សបើកមួយគ្រឿងត្រូវបានស្ទាក់ចាប់។ នៅពេលព្រឹក កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលមួយគ្រាប់ទៀត មុនពេលដែលប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបាញ់ទម្លាក់៕