(អូស្លូ)៖ ជនស៊ីវិលជាង ៦,៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ២០ខែដំបូង បន្ទាប់ពីរដ្ឋប្រហារយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ ដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពនៃទីក្រុង Oslo។

លោក Stein Tonison មេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំម្នាក់បាននិយាយថា «ទិន្នន័យរបស់យើងបង្ហាញថា ចំនួនអ្នកស្លាប់និងរបួសក្នុងជម្លោះគឺខ្ពស់ជាងការរាយការណ៍ពីមុន ហើយខណៈពេលដែលរបបយោធាច្បាស់ជាឃាតករធំ ចំណែកកងកម្លាំងប្រឆាំងរបបយោធាក៏មានចំណែកផងដែរ»។

របាយការណ៍បាននិយាយថា នៅចន្លោះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២៩២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ ជនស៊ីវិលចំនួន ៦,៣៣៧នាក់ត្រូវបានសម្លាប់ និង ២,៦១៤នាក់បានរងរបួសក្រោមហេតុផលនយោបាយ។

តួលេខ​នេះ​គឺ​ខ្ពស់​ជាង​តួលេខ​ផ្សេង​ទៀត​ដែល​បាន​ផ្សព្វផ្សាយ រួម​ទាំង​តួលេខ​មក​ពី​អង្គការ​អន្តរជាតិ​ផង​ដែរ។

យោងតាមរបាយការណ៍ ស្ទើរតែពាក់កណ្តាលនៃការស្លាប់ ឬចំនួន ៣,០០៣នាក់ត្រូវបានសន្មតថា ជា​ស្នាដៃរបស់របបយោធាមីយ៉ាន់ម៉ា ខណៈដែល ២,១៥២នាកត្រូវបានគេសន្មតថា ជាស្នាដៃរបស់ក្រុមប្រឆាំងប្រដាប់អាវុធ។

ក្នុងចំណោមនោះ ១២នាក់ត្រូវបានគេសន្មតថា ស្នាដៃរសប់ជនស៊ីវិលផ្សេងទៀតដែលមិនមានទំនាក់ទំនងជាមួយរបប ឬពួកប្រឆាំងទេ ហើយ ១,១៧០នាក់ទៀតមិនត្រូវបានគេអត្តសញ្ញាណ។

ទន្ទឹមនឹងនេះរបាយការណ៍បានគូសបញ្ជាក់ថា តួលេខពិតប្រាកដអាចខ្ពស់ជាងនេះទៅទៀត ដោយសារការសម្លាប់ជាច្រើនទំនងជាមិនមានរបាយការណ៍ ខណៈតួលេខដែលបានលើកឡើងនេះ ធ្វើឡើងដោយការប៉ាន់ស្មានដោយផ្អែកលើការប្រមូលបាន ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអាចទុកចិត្តបានប៉ុណ្ណោះ៕