(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោក យូន ស៊ុកយុល (Yoon Suk Yeol) គ្រោងបំពេញទស្សនកិច្ចនៅប្រទេសបារាំង និងវៀតណាមនាសប្តាហ៍ក្រោយនេះ ហើយនឹងជួបមេដឹកនាំនៃប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

លោក គីម តេយ៉ូ (Kim Tae-hyo) អនុប្រធានទីប្រឹក្សាសន្តិសុខជាតិ បាននិយាយថា លោក យូន នឹងរៀបចំកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) អំឡុងពេលដំណើរទស្សនកិច្ចក្នុងទីក្រុងប៉ារីស នៅចន្លោះថ្ងៃទី ២០ និងថ្ងៃទី ២១ ខែមិថុនា។ លោក យូន ក៏នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឯវៀតណាម នៅថ្ងៃទី ២២ ខែមិថុនាផងដែរ តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) ដោយមានគណៈប្រតិភូធុរកិច្ចចំនួន ២០៥នាក់ អមដំណើររូបលោក។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង លោក យូន គ្រោងចូលរួមកិច្ចប្រជុំរបស់ការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ដែលជាអ្នករៀបចំពិព័រណ៍អន្តរជាតិ Expo 2030។ កូរ៉េខាងត្បូង កំពុងព្យាយាមដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Expo 2030 ដែលត្រូវបានគេរំពឹងថា នឹងត្រូវជ្រើសរើសអ្នកឈ្នះ នៅក្នុងខែវិច្ឆិកាខាងមុខ៕