(ប៉េកាំង)៖ ក្នុងកិច្ចប្រជុំប្រចាំខែមិថុនានៃក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិ ដែលបានបើកធ្វើនៅប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចសហប្រតិបតិ្តការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្តា្រលីបានរងការប្រឆាំងយ៉ាងដាច់ខាត ពីសំណាក់ភាគីដែលចូលរួមកិច្ចប្រជុំលើកនេះ ។ តំណាងរបស់ចិនបានថ្លែងសុន្ទរកថាពិសេសអំពីបញ្ហានេះ ដោយអំពាវនាវឱ្យបណ្តាភាគីនានា រួមគ្នាជំរុញដំណើរពិភាក្សាអន្តរស្ថាប័ននិងរដ្ឋាភិបាល ។ តំណាងនៃប្រទេសចំនួនជាង២០ ដូចជារុស្ស៊ី ប៉ាគីស្ថាន ឥណ្ឌូនេស៊ីនិងប្រេស៊ីលជាដើមបាននាំគ្នាឆ្លើយតប យ៉ាងសកម្មនូវគោលជំហរនិងគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ហើយបានចេញផ្សាយសំឡេងរួមដែលគាំពារប្រព័ន្ធអន្តរជាតិ ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនិងក្បួនច្បាប់អន្តរជាតិ ។

នេះជាលើកទី៨ជាប់ៗគ្នាហើយ ដែលអង្គការថាមពលបរមាណូអន្តរជាតិពិនិត្យពិភាក្សាបញ្ហានេះ តាមបែបបទធ្វើការពិភាក្សា អន្តររដ្ឋាភិបាល ក្រោមការជំរុញរបស់ប្រទេសចិនព្រមទាំងបានកម្ចាត់ចោលម្តងទៀត នូវឧបាយកលរបស់អាមេរិក អង់គ្លេសនិងអូស្ត្រាលីដែលប៉ុនប៉ងគំរាមកំហែងលេខាធិការដ្ឋាន របស់អង្គការថាមពលបរមាណូអន្តរជាតិ ។ ក្រុមសម័្ពន្ធមិត្តរបស់“Aukus”គ្រាន់តែជាលេសបញ្ឆោតសម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរតែប៉ុណ្ណោះ ពោលគឺចង់ធ្វើឱ្យអូស្ត្រាលីក្លាយទៅជាសមរភូមិជួរមុខ សម្រាប់ជំរុញយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់អាមេរិក និងថតចម្លងនូវឧបាយកលរបស់អង្គការណាតូ ដែលបានញុះញង់ឱ្យកើតមានការប៉ះទង្គិចក្នុងតំបន់នៅអាស៊ីប៉ាស៊ីហ្វិក ដើម្បីឆក់យកផលប្រយោជន៍ផ្ទាល់ខ្លួនខាងភូមិសាស្ត្រនយោបាយ ។

ហេតុអ្វីបានជាកិច្ចសហប្រតិបតិ្តការនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែររបស់ប្រទេសទាំងបី រងការប្រឆាំងយ៉ាងខ្លាំងក្លា គឺដោយមកពីទង្វើរបស់ពួកគេបានបង្កជាគំរូដ៏អាក្រក់មួយ មិនថាលើវិស័យច្បាប់ របៀបវារៈនិងការកំណត់ ការជះឥទ្ធិពលអវិជ្ជមានរបស់វាមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ។ បើនិយាយពីផ្លូវច្បាប់  កិច្ចសហប្រតិបតិ្តការនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្តា្រលីបានល្មើសនឹង «សនិ្ធសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» «ក្បួនច្បាប់របស់អង្គការថាមពលបរមាណូអន្តរជាតិ» និង «សនិ្ធសញ្ញាគ្មាននុយក្លេអ៊ែរនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង» ។ ប្រទេសទាំងបីនេះនិយាយបានតែមាត់ថានឹងធ្វើ កិច្ចសហប្រតិបតិ្តការនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ  តាមពិតទៅ គឺធ្វើការរីកសាយភាយអាវុធនុយក្លេអ៊ែរ ។ ថ្ងៃទី៥ ខែមិថុនា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានថា កិច្ចសហប្រតិបតិ្តការនាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្តា្រលី វាជាចំណុចចាប់ផ្ដើមនៃការរត់ប្រណាំងសព្វាវុធដ៏មានគ្រោះថ្នាក់ បើសិនជានៅតែបន្តស្ថានភាពបែបនេះទៀត ពិភពលោកនឹងប្រឈមគ្រោះថ្នាក់កាន់តែធំ ។ អាស៊ានប្រឆាំងការរីកសាយភាពអាវុធនុយក្លេអ៊ែរជាដាច់ខាត ។

បើនិយាយពីរបៀបវារៈ ក្នុងនាមជារដ្ឋហត្ថលេខីរបស់ «សនិ្ធសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»  ការធ្វើកិច្ចសហប្រតិបតិ្តការ នុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីត្រូវទទួល ការទទួលស្គាល់ពីអង្គការថាមពលបរមាណូអន្តរជាតិសិន ។ ប្រឈមនឹងការថ្កោលទោសនិងការប្រឆាំងជាឯកច្ឆន្ទលើផ្ទៃអន្តរជាតិ ប្រទេសទាំងបីនេះបានរកគ្រប់មធ្យោបាយ ដើម្បីលេងកលល្បិចខាងរបៀបវារៈ ហើយបង្ខំដោះដៃចេញពីកិច្ចសហប្រតិបតិ្តការនាវាមុជទឹកនុយក្លេអ៊ែរ ។

បើនិយាយពីការកំណត់អាចឃើញថា មួយផ្នែក ប្រទេសទាំងបីអាមេរិក អង់គ្លេសនិងអូស្ត្រាលីនិយាយបានតែមាត់ថា នឹងគោរពតាម“សណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកក្បួនច្បាប់ជាមូលដ្ឋាន”  មួយផ្នែកទៀតបានគំរាមកំហែងឱ្យរដ្ឋសមាជិកនៃស្ថាប័ននេះឈរនៅម្ខាងជាមួយខ្លួនឯង ហើយបានធ្វើបដិបក្ខគ្នាជាក្រុមនិងបង្កើតជា“ក្រុមសម័្ពន្ធនយោបាយ”ទៅទៀត។ ទង្វើដែលមានស្តង់ដារពីរ ជាភស្តុតាងពិតប្រាកដដែលអាចបញ្ជាក់ថា អាមេរិក អង់គ្លេសនិងអូស្ត្រាលីបានបំពាននិងបំផ្លាញច្បាប់កំណត់របស់អន្តរជាតិ ។
តំបន់អាស៊ីប៉ាស៊ីហ្វិកជាគោលដៅពេញនិយម សម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការនិងអភិវឌ្ឍន៍ មិនមែនជាក្តារអុកសម្រាប់ប្រទេសធំ ធ្វើការប្រកួតប្រជែងនោះទេ សន្តិសុខនុយក្លេអ៊ែរពាក់ព័ន្ធដល់ ជោគវាសនារបស់មនុស្សជាតិទាំងមូល មិនមែនជាឧបករណ៍នយោបាយរបស់មនុស្សមួយចំនួនតូច ដើម្បីឆក់យក ផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។ មិនថាអ្នកណាចង់ធ្វើឱ្យមហាសមុទ្រប៉ាស៊ីហ្វិកក្លាយទៅជាមហាសមុទ្រខ្យល់ព្យុះក៏ដោយ ក៏ប្រជាជននៃតំបន់អាស៊ីប៉ាស៊ីហ្វិក មិនព្រមទទួលយកជាដាច់ខាត !

វិទ្យុមិត្តភាពកម្ពុជាចិន