(បែរឡាំង)៖ នៅថ្ងៃចន្ទនេះ អង្គការ NATO នឹងចាប់ផ្តើមការធ្វើសមយុទ្ធកងទ័ពអាកាស ក្នុងទ្រង់ទ្រាយធំបំផុតនៅអឺរ៉ុប ដែលមិនធ្លាប់​មានពីមុនមកនោះឡើយ ដើម្បីជាសញ្ញាមួយបង្ហាញពីការរួមសាមគ្គីភាព និងអានុភាពរបស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

សមយុទ្ធយោធា Air Defender 23 ដែលដឹកនាំដោយអាល្លឺម៉ង់ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៣ ខែមិថុនា ហើយមានការចូលរួមពី​យន្តហោះយោធាចម្រុះប្រភេទ សរុបប្រហែល២៥០គ្រឿង មកពីប្រទេសជាសមាជិកនិងប្រទេសជាដៃគូរបស់ NATO រួមមានទាំងជប៉ុននិងស៊ុយអែត សរុបចំនួន២៥ប្រទេស។ មនុស្សសរុប១០,០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធនេះ ដែលមានគោលដៅពង្រឹងសមត្ថភាព​ធ្វើប្រតិបត្តិការរួមគ្នា ព្រមទាំងការត្រៀមលក្ខណៈ ដើម្បីការពារខ្លួនប្រឆាំងយន្តហោះដ្រូននិងមីស៉ីលគ្រូស ក្នុងករណីមានការវាយប្រហារលើទីក្រុង អាកាសយានដ្ឋាន ឬកំពង់ផែ នៅក្នុងទឹកដីរបស់ NATO។

គួរបញ្ជាក់ថា សមយុទ្ធ Air Defender ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដែលជាផ្នែកមួយនៃចំណាត់ការឆ្លើយតបរបស់ NATO ចំពោះការដែលរុស្ស៉ីក្រសោបយកឧបទ្វីបគ្រីមៀពីអ៊ុយក្រែន កាលពី៤ឆ្នាំមុននោះ។ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានបង្កឱ្យ​បក្សសម្ព័ន្ធយោធាមួយនេះ កើនឡើងក្តីព្រួយបារម្ភជាខ្លាំង ខណៈ NATO បានចាប់កំណើតដំបូងកាលពីឆ្នាំជិត៧៥ឆ្នាំមុន ដើម្បីប្រឈមមុខ​ជាមួយសហភាពសូវៀត។

សង្រ្គាមនេះក៏បានជំរុញឱ្យហ្វាំងឡង់និងស៊ុយអែត ដែលធ្លាប់តែប្រកាន់ជំហរអព្យាក្រឹត ជាយូរមកហើយ ដើម្បីបញ្ចៀសជម្លោះជាមួយរុស្ស៉ី បានដាក់ពាក្យចូលជាសមាជិករបស់ NATO ផងដែរ។ ហ្វាំងឡង់បានក្លាយជាសមាជិក​ជាផ្លូវការរួចរាល់ហើយ កាលពីខែមេសា ឆ្នាំនេះ ស្របពេលដែលសមាជិកភាពរបស់ស៊ុយអែត កំពុងបន្តស្ថិតក្រោមការរង់ចាំអនុម័តពីហុងគ្រីនិងតួកគី៕