(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក គ្រីប ហ៉ីបគីន (Chris Hipkins) បាននិយាយនៅថ្ងៃចន្ទនេះថា រូបលោកនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅឯប្រទេសចិន នាចុងខែមិថុនានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

លោក ហ៉ីបគីន បានលើកឡើងដូច្នេះថា «ទំនាក់ទំនងជាមួយចិន គឺជាទំនាក់ទំនងដ៏មានសារសំខាន់បំផុតមួយសម្រាប់នូវែលសេឡង់ ដែលមានលក្ខណៈទូលំទូលាយ ហើយក៏ស្មុគស្មាញផងដែរ»។ វានឹងជាការបំពេញទស្សនកិច្ចលើកដំបូងបំផុតរបស់លោកនៅប្រទេសចិន គិតចាប់តាំងពីលោក បានក្លាយជាមេដឹកនាំនូវែលសេឡង់ កាលពីខែមករា ឆ្នាំនេះ នៅពេលដែលអតីតនាយករដ្ឋមន្រ្តី លោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) បានលាលែងពីតំណេង។ ដោយឡែក កាលពីខែឧសភា លោក ហ៉ីបគីន ទើបតែធ្វើដំណើរទៅប៉ាពូអាស៉ីនូវែលហ្គីណេ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-ប៉ាស៉ីហ្វិក។

គួរបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសនូវែលសេឡង់ ដោយការនាំចេញទំនិញរបស់នូវែលសេឡង់ទៅកាន់ប្រទេសចិន មានទំហំដល់ទៅជាង ១២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ជាយូរមកហើយ នូវែលសេឡង់ ដែលស្ថិតក្នុងសម្ព័ន្ធផ្នែកភាពសន្តិសុខ និងចារកម្ម ហោថា Five Eyes ដែលរួមមានអូស្រ្តាលី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក គឺបានប្រកាន់ជំហរបែបស្រុះស្រួលចំពោះចិន បើធៀបទៅនឹងសម្ព័ន្ធមិត្តរបស់ខ្លួន។ យ៉ាងណាមិញ បច្ចុប្បន្ននូវែលសេឡង់ បានចាប់ផ្តើមបង្ហាញក្តីបារម្ភដែលកាន់តែកើនឡើង ជុំវិញ​ការពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ប៉ាស៉ីហ្វិក៕