(សេអ៊ូល)៖ បុរសជនជាតិអង់គ្លេសម្នាក់ បានព្យាយាមឡើងអគារដែលខ្ពស់បំផុតលំដាប់ទី៥ របស់ពិភពលោកដោយគ្មានប្រើខ្សែសុវត្ថិភាព នាថ្ងៃចន្ទនេះ ប៉ុន្តែអាជ្ញាធរកូរ៉េខាងត្បូងបានបង្ខំឱ្យបុរសរូបនោះ បោះបង់ចោលសកម្មភាពរបស់ខ្លួនវិញនៅជាងពាក់កណ្តាលទី នៃការឡើង​អគារ Lotte World Tower ដែលមានកម្ពស់សរុប១២៣ជាន់ ស្ថិតក្នុងទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

បុរសខាងលើដែលមានវ័យ២៤ឆ្នាំ បានចំណាយពេលជាងមួយម៉ោង ក្នុងការឡើងអគារ ឡូតតេ (Lotte) ស្របពេលដែលប៉ូលិសហើយនិង​ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រមូលផ្តុំនៅខាងក្រោម។ នៅពេលឡើងដល់ជាន់ទី៧៣ បុរសនោះក៏ត្រូវអាជ្ញាធរកូរ៉េខាងត្បូងបង្ខំឱ្យចូលមក​ខាងក្នុងអគារបានសម្រេច ហើយឥឡូវប៉ូលិសបានឃាត់ខ្លួនរូបគេ ដើម្បីយកទៅសួរនាំ។ កាសែតកូរ៉េខាងត្បូង Chosun Illbo បានរាយការណ៍ថា បុរសខាងលើមានឈ្មោះថា ចច ឃីងថោមសុន (George King-Thomson)។

គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចក្រភពអង់គ្លេសផ្ទាល់ បុរសម្នាក់នោះធ្លា​ប់ត្រូវបានចាប់ខ្លួន ហើយដាក់ពន្ធនាគារ​ថែមទៀត សម្រាប់ការឡើងអគារខ្ពស់ Shard នៅទីក្រុងឡុងដ៍ កាលពីឆ្នាំ២០១៩។ ដោយឡែក កាលពីឆ្នាំ២០១៨ ប៉ូលិសកូរ៉េខាងត្បូង ក៏បានចាប់ខ្លួនបុរសម្នាក់ទៀតផងដែរ មានរហស្សនាមថា បុរសពីងពាងបារាំង ឈ្មោះ អាឡាន់ រ៉ូប៊ែរ (Alain Robert) នៅពេលដែល​បុរសម្នាក់នោះ ឡើងអគារ Lotte World Tower បានជាងពាក់កណ្តាលទី៕