(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋផេនស៉ីលវ៉ានៀ (Pennsylvania) បាននិយាយថា ស្ពានអាកាសមួយនៅលើផ្លូវ highways ដ៏មមាញឹកបំផុតរបស់សហរដ្ឋអាមេរិក បានបាក់រលំ កាលពីព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍ (ម៉ោងក្នុងតំបន់) បន្ទាប់ពីរថយន្តដឹកប្រេងដែលបើកបរកាត់តាមក្រោមស្ពាន បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

ផ្លូវ highways Interstate 95 តភ្ជាប់ទៅកាន់ទីក្រុងធំៗនានានៅតាមបណ្តោយឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ចេញពីរដ្ឋមេន (Maine) ទៅដល់ ភាគខាងត្បូងនៃរដ្ឋផ្ល័រីដា (Florida)។ ក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលរដ្ឋផេនស៉ីលវ៉ានៀ លោក ចូស សាពីរ៉ូ (Josh Shapiro) បានឲ្យដឹងថា វាគួរឲ្យ ភ្ញាក់ផ្អើលដែលគ្មានអ្នកដំណើរណាម្នាក់ នៅលើស្ពានអាកាសបានរងរបួសនោះទេ។ ប៉ុន្តែអាជ្ញាធរកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណបុគ្គល ឬអ្នកដែល អាចត្រូវភ្លើងឆេះនៅខាងក្រោមស្ពាន។ វានឹងចំណាយពេលច្រើនខែដើម្បីស្តារផ្លូវ ដែលជាសរសៃឈាមដ៏សំខាន់មួយនេះឡើងវិញ។

គួរបញ្ជាក់ថា បើតាមក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ជាមធ្យមក្នុងមួយថ្ងៃមានរថយន្តប្រហែល ១៦០,០០០គ្រឿង ឆ្លងកាត់ផ្នែកនៃផ្លូវ highwaysដែលនៅភាគឦសានរដ្ឋ Philadelphia មួយនេះ។ ការដួលរលំទំនងជានាំឲ្យមានការពន្យារពេលធ្វើចរាចរណ៍ ចំពេលចាប់ផ្តើមវិស្សមកាលរដូវក្តៅ។ មិនទាន់មាន ការបញ្ជាក់ពីមូលដ្ឋានដែលធ្វើឱ្យរថយន្ដដឹកប្រេងខាងលើត្រូវភ្លើងឆាប់ឆេះនៅទេ ខណៈការស៊ើបអង្កេត និងការតាមស្វែងរកតៃកុងរថយន្ដនេះកំពុងធ្វើឡើង៕