(ខាទុំ)៖ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា និងការបាញ់ផ្លោងដោយកាំភ្លើងធំ បានផ្ទុះឡើងទូទាំងរដ្ឋធានីខាទុំ (Khartoum) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ខណៈការវាយប្រហារតាមផ្លូវអាកាសត្រូវបានរាយការណ៍ភ្លាមៗ ត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីការបិទបញ្ចប់បទឈប់បាញ់ ដែលបាននាំមកនូវភាពស្ងប់ស្ងាត់ មួយរយៈពេលខ្លីនៃការប្រយុទ្ធគ្នារយៈពេល ៨សប្តាហ៍រវាងភាគីជម្លោះក្នុងប្រទេសស៊ូដង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) គឺមានកម្រិតធ្ងន់បំផុតក្នុងសប្តាហ៍កន្លងទៅនេះ ដែលរួមមានទាំងការប្រយុទ្ធគ្នានៅសង្កាត់ហាច យូសេហ្វ (Haj Youssef) ដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុងទីក្រុងបាហ៍រី (Bahri) ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងជាប់គ្នាចំនួន ៣បង្កើតជា រដ្ឋធានីខាទុំ ស្ថិតនៅជុំវិញចំណុចប្រសព្វនៃទន្លេនីល។

គ្រាន់តែបទឈប់បាញ់ផុតកំណត់នៅវេលាម៉ោង ៦ព្រឹក (ម៉ោងក្នុងតំបន់) ការប៉ះទង្គិចគ្នា និងការបាញ់កាំភ្លើងធំបន្តកើតឡើង នៅភាគខាងជើងនៃទីក្រុងអូមឌូម៉ាន់ (Omdurman)។ ជាមួយគ្នានេះ ក៏មានការប្រយុទ្ធគ្នានៅឯភាគខាងត្បូង និងភាគកណ្តាលទីក្រុងខាទុំ រាប់ចាប់តាំងពីដងទន្លេនីល រហូតដល់ស្ពានឆ្លងកាត់ចូល ទៅក្នុងទីក្រុងអូមឌូម៉ាន់ផងដែរ។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ដែលជាអ្នកសម្របសម្រួលឲ្យមានបទឈប់បាញ់ក្នុងកិច្ចពិភាក្សានៅទីក្រុងជិតដាស់ (Jeddah) បានឲ្យដឹងថា បទឈប់បាញ់បានអនុញ្ញាតឲ្យមានការផ្តល់ជំនួយមនុស្សធម៌សំខាន់ៗមួយចំនួន និងវិធានការកសាងទំនុកចិត្តគ្នារវាងភាគីជម្លោះទាំងពីរនៅស៊ូដង់។ ប៉ុន្តែ បែរជា មានការបំពានបទឈប់បាញ់ជាច្រើន ហើយក្រោយបទឈប់បាញ់នេះអស់សុពលភាពភា្លម ការវាយប្រយុទ្ធគ្នាក៏ផ្ទុះឡើងភ្លាមដែរ៕