(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសផ្ដល់ជំនួយយោធាថ្មីបន្ថែមមានទំហំទឹកប្រាក់ ៣២៥លានដុល្លារដល់ អ៊ុយក្រែន ក្នុងនោះរួមមានទាំងគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល HIMARS គ្រាប់មីស៊ីល និងគ្រាប់មីនប្រឆាំងរថក្រោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន បាននិយាយថាជំនួយយោធានេះ ក៏មានផងដែរនូវប្រព័ន្ធប្រយុទ្ធប្រឆាំងរថក្រោះ និងរថពាសដែក អាវុធធុនតូច យានគាំទ្រភស្តុភារ និងការគាំទ្រផ្នែកថែទាំសំខាន់ៗ ដើម្បីជួយពង្រឹងសមត្ថភាពយោធាអ៊ុយក្រែន នៅលើសមរភូមិ។ លោក ប្ល៊ីនខិន បាន បន្ថែមទៀតថា «រុស្ស៉ីអាចបញ្ចប់សង្រ្គាមក្នុងពេលឥលូនេះ ហើយបើពុំដូច្នោះទេ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងប្រទេសជាដៃគូនឹងនៅតែបន្តរួបរួមគ្នា ជួយអ៊ុយក្រែន ដរាបណាអ៊ុយក្រែនត្រូវការ»

គួរបញ្ជាក់ថា ជំនួយយោធាខាងលើ គឺជាកញ្ចប់ជំនួយយោធាទី៣៦ ដែលសហរដ្ឋអាមេរិកប្រកាសផ្ដល់ឱ្យអ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ដោយនេះធ្វើឱ្យជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់រដ្ឋាភិបាលកៀវកើនដល់ ៣៥.៤ពាន់លានដុល្លារ៕