(បាងកក)៖ តុលាការកំពូលមីយ៉ាន់ម៉ា នៅថ្ងៃពុធសប្ដាហ៍នេះបានយល់ព្រមទទួលស្ដាប់បណ្ដឹងឧទ្ធរណ៍មួយចំនួនរបស់លោកស្រី អោងសាន ស៊ូជី ព្រមទាំងសំណើ ស្នើសុំបន្ធូរបន្ថយទោសនៅក្នុងសំណុំរឿងជាច្រើន ដែលលោកស្រីរងការចោទប្រកាន់ដូចជាប្រព្រឹត្តអំពើពុករលួយ លួចបន្លំការបោះឆ្នោត និងបំពានច្បាប់រក្សាកិច្ចការ សម្ងាត់ជាតិ ជាដើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន AP ដោយផ្អែកលើប្រភពមន្ត្រីច្បាប់ម្នាក់ក្នុងសំណុំរឿងលោកស្រី ស៊ូជី បានឱ្យដឹងទៀតថាតុលាការកំពូលមីយ៉ាន់ម៉ាមិនទាន់កំណត់កាលបរិច្ឆេទ ស្ដាប់បណ្ដឹងឧទ្ធរណ៍ និងសំណើស្នើសុំបន្ធូរបន្ថយទោសនៅឡើយទេ ប៉ុន្តែសវនាការនេះអាចនឹងត្រូវធ្វើឡើងក្នុងរយៈពេល២ខែខាងមុខ ខណៈការសម្រេចចិត្តរបស់ តុលាការកំពូលមីយ៉ាន់ម៉ា មិនត្រូវបានប្រកាសជាសាធារណៈឡើយ។

គួរបញ្ជាក់ថា លោកស្រី អោងសាន ស៊ូជី មានអាយុ ៧៧ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលយោធាមីយ៉ាន់ម៉ា ធ្វើរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីពីអំណាច។ លោកស្រីត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៣៣ឆ្នាំ លើបទចោទជាច្រើនករណី ដែលត្រូវបានលោកស្រីផ្ទាល់ច្រានចោល និងចោទថាជាការធ្វើបាបខាងនយោបាយ៕