(សាណា)៖ មនុស្សច្រើនជាង ៨០នាក់ បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងហេតុការណ៍រត់ជាន់គ្នានៅឯពិធីចែកអំណោយ មនុស្សធម៌ ក្នុងប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។

ហេតុការណ៍រត់ជាន់គ្នាខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងអ្នកកាន់សាសនាអ៉ីស្លាមប្រារព្ធពិធីបុណ្យអ៉ីដ (Eid al-Fitr) ដែលជាការបិទបញ្ចប់ការតម អាហារក្នុងខែរ៉ាម៉ាឌន។ មន្ត្រីសន្តិសុខហូស៉ីម្នាក់ បានគូសបញ្ជាក់ប្រាប់ AFP ដូច្នេះថា «យ៉ាងហោចមនុស្ស ៨៥នាក់បានស្លាប់ និងជាង ៣២២នាក់រងរបួស ក្រោយហេតុការណ៍រត់ជាន់គ្នាក្នុងស្រុក បាប់ អាល់ យេម៉ែន (Bab al-Yemen) នៃរដ្ឋធានីសាណា...ហើយនៅក្នុងចំណោមអ្នកស្លាប់ក៏មានកុមារ និងស្រ្តីផងដែរ»

គួរបញ្ជាក់ថា អ្នកស្លាប់ និងរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរកន្លែងកើតហេតុ រីឯអ្នកទទួលខុសត្រូវលើពិធីចែកអំណោយខាងលើត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យមានការរត់ជាន់គ្នានៅឡើយទេ៕