(មូស្គូ)៖ ប្រទេសរុស្ស៊ីនៅថ្ងៃពុធ (១៩ មេសា) បានព្រមានកូរ៉េខាងត្បូងប្រឆាំងនឹងការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន បន្ទាប់ពីទីក្រុងសេអ៊ូលបាន បង្ហើបពីលទ្ធភាពផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ក្នុងករណីមានការវាយប្រហារស៊ីវិលទ្រង់ទ្រាយធំ។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

ទីក្រុងសេអ៊ូល ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ឱ្យអ៊ុយក្រែននូវជំនួយមនុស្សធម៌ និងមិនមែនសម្លាប់មនុស្ស ប៉ុន្តែរហូតមកដល់ពេលនេះបានច្រានចោលការផ្តល់ជំនួយផ្នែកយោធា។

ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Sok-yol បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធថា «ទីក្រុងសេអ៊ូលអាចនឹងផ្ដល់ជំនួយគាំទ្រសម្រាប់អ៊ុយក្រែន លើសពី ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច ប្រសិនបើមានការវាយប្រហារ ឬការសម្លាប់រង្គាលលើជនស៊ីវិលកើតឡើង»។

វិមានក្រឹមឡាំងបានឆ្លើយតបថា ការចាប់ផ្តើមការផ្គត់ផ្គង់អាវុធនឹងមានន័យថា ការចូលរួមដោយប្រយោលនៅក្នុងជម្លោះអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «គួរឱ្យសោកស្តាយ! ទីក្រុងសេអ៊ូលមានអាកប្បកិរិយាមិនគួរឱ្យរាក់ទាក់»។ លោកបានបន្ថែមថា «ការចាប់ផ្តើមនៃការផ្គត់ផ្គង់សព្វាវុធនឹងមានន័យដោយប្រយោលនូវដំណាក់កាលជាក់លាក់នៃការចូលរួមក្នុងជម្លោះនេះ»

ការ​លើក​ឡើង​របស់ប្រធានាធិបតីកូរ៉េខាងត្បូងនេះ ​ក៏​បាន​ទាញ​ការ​ព្រមាន​ពី​អតីត​មេដឹកនាំ​រុស្ស៊ី​លោក Dmitry Medvedev ដែល​ធ្លាប់​កាន់​តំណែង​ជា​ប្រធានាធិបតី​ចន្លោះ​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១២ផងដែរ។

លោក Medvedev បាននិយាយថា ទីក្រុងមូស្គូអាចតបស្នង និងបញ្ជូនអាវុធទៅកាន់ប្រទេសកូរ៉េខាងជើង ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។

លោកបានបន្ថែមថា «ខ្ញុំឆ្ងល់ថាតើប្រជាជននៃប្រទេសនេះនឹងនិយាយអ្វីនៅពេលពួកគេឃើញអាវុធរុស្ស៊ីចុងក្រោយបំផុត​ នៅជាមួយប្រទេសជិតខាងបំផុតរបស់ពួកគេ គឺប្រទេសដៃគូរបស់យើង កូរ៉េខាងជើង»