(ប៊ុលហ្គារី)៖ រដ្ឋាភិបាលប៊ុលហ្គារីកាលពីថ្ងៃពុធ (១៩ មេសា) បានអនុម័តលើការហាមឃាត់បណ្តោះអាសន្នលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន និងផលិតផលអាហារផ្សេងទៀត បន្ទាប់ពីប្រទេសហុងគ្រីបានពង្រីកការហាមឃាត់របស់ខ្លួន ដើម្បីរួមបញ្ចូលអាហារបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគីបានហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតពីប្រទេសអ៊ុយក្រែនដែលរងគ្រោះដោយសង្រ្គាម បន្ទាប់ពីតម្លៃធ្លាក់ចុះបានបង្កឱ្យមានការតវ៉ាពីកសិករក្នុងស្រុក។

រដ្ឋមន្ត្រីក្រសួងកសិកម្មប៊ុលហ្គារី លោក Yavor Gechev បាននិយាយបន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលថា «រដ្ឋាភិបាលបានចេញការសម្រេចចិត្តហាមឃាត់ជាបណ្តោះអាសន្ន ... ក្រុមផលិតផលមកពីប្រទេស​អ៊ុយក្រែន ... តាមបន្ទាត់នៃប្រទេសចំនួនបីផ្សេងទៀត»

ការហាមឃាត់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី២៤ ខែមេសា ហើយនឹងបន្តរហូតដល់ចុងខែមិថុនា ប៉ុន្តែវានឹងមិនអនុវត្តចំពោះការដឹកជញ្ជូនទំនិញឆ្លងកាត់ទឹកដីប៊ុលហ្គារីឡើយ។

នៅខែឧសភា ឆ្នាំ ២០២២ សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យក្រុងកៀវនាំចេញស្តុកគ្រាប់ធញ្ញជាតិរបស់ខ្លួនតាមរយៈប្លុក បន្ទាប់ពីការបិទផ្លូវសមុទ្រខ្មៅដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីបានបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោក។

គួរបញ្ជាក់ថា រដ្ឋជាសមាជិកអឺរ៉ប់បានយល់ព្រមនាំចូលផលិតផលមួយចំនួនពីអ៊ុយក្រែន ដោយគ្មានការរឹតបន្តឹងបរិមាណ ដោយគ្មានគយ និងការត្រួតពិនិត្យជាផ្លូវការ៕