(ប៉ារីស)៖ អ្នកឡើងភ្នំសេរីម្នាក់ដែលគេស្គាល់ថា មនុស្ស​ពីងពាងបារាំង (French Spiderman) បានឡើងអគារខ្ពស់ ៣៨ ជាន់ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃពុធ (១៩ មេសា) ដើម្បីបង្ហាញការគាំទ្ររបស់គាត់ ចំពោះអ្នកតវ៉ាខឹងនឹងច្បាប់សោធននិវត្តន៍ ដែលនឹងពន្យារអាយុចូលនិវត្តន៍នៅប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

លោក Alain Robert វ័យ ៦០ឆ្នាំ បានឡើងអគារខ្ពស់ ៣៨ជាន់ ដោយគ្មានខ្សែ និងដោយប្រើតែស្រោមដៃ និងស្បែកជើងឡើងភ្នំមួយគូរបស់គាត់។

លោបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters មុនពេលចាប់ផ្តើមការឡើងអគារកម្ពស់ ១៥០ម៉ែត្រនៅក្នុងសង្កាត់អាជីវកម្ម La Defense ទីក្រុងប៉ារីសថា «ខ្ញុំនៅទីនេះដើម្បីបង្ហាញការគាំទ្ររបស់ខ្ញុំសម្រាប់អ្នកដែលប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍…ខ្ញុំមកទីនេះដើម្បីសុំឱ្យ (ប្រធានាធិបតី)  អេម៉ានុយអែល ម៉ាក្រុង
ត្រលប់មកផែនដីវិញ... ដោយការឡើងដោយគ្មានសំណាញ់សុវត្ថិភាព»។

លោក Robert បាននិយាយទៀតថា កំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលលោក ម៉ាក្រុង បានចុះហត្ថលេខាកាលពីចុងសប្តាហ៍បន្ទាប់ពីការតវ៉ាតាមដងផ្លូវជាច្រើនខែ មានន័យថា ជាមួយនឹងការបាត់បង់ប្រាក់ចំណូលដោយសារជំងឺរាតត្បាតកូវីដ១៩​ គាត់នឹងត្រូវបន្តធ្វើការ និងឡើងភ្នំឱ្យបានកាន់តែយូរ។

គួរបញ្ជាក់ថា ក្រោមកំណែទម្រង់នេះ អាយុចូលនិវត្តន៍នៅប្រទេសបារាំងនឹងកើនឡើងបន្តិចម្តងៗពី ៦២ ទៅ ៦៤ឆ្នាំ៕