(អឺរ៉ុប)៖ ការធ្វើកូដកម្មវ៉ានៅក្នុងប្រទេសមួយចំនួននៃតំបន់អឺរ៉ុប បាននាំឲ្យមានការកើនឡើងនៃការលុបចោលជើងហោះហើរ ការពន្យារពេលជើងហោះហើរ ខណៈដែលទិន្នន័យពីក្រុមហ៊ុនទេសចរណ៍បង្ហាញថា ការកក់សំបុត្រទៅកាន់ទីក្រុងនានា ដូចជាទីក្រុងប៉ារីសបានធ្លាក់ចុះ ទោះបីជាមានការខិតខំប្រឹងប្រែងពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ ដើម្បីជៀសវាងការរំខានម្តងទៀត ដូចកាលពីឆ្នាំ២០២២ ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

​ទិន្នន័យ​ពី​ក្រុមហ៊ុនការពារសិទ្ធិអ្នកដំណើរតាមជើងហោះហើរ AirHelp បានឲ្យដឹងថា ជើងហោះហើរចំនួន៣៣,០០០ ត្រូវបានលុបចោលនៅឆ្នាំ២០២៣នេះ អំឡុងពិធីបុណ្យ Easter ខណៈជើងហោះហើរចំនួន៩,០០០ ត្រូវពន្យារពេលច្រើនជាង ៣ម៉ោង។ ប្រតិបត្តិករអាកាសយានដ្ឋាននៅទីក្រុងប៉ារីស Aeroports de Paris បានប៉ាន់ប្រមាណកាលពីដើមសប្តាហ៍នេះថា ខ្លួនបានបាត់បង់អ្នកដំណើរប្រហែល ៤៧០,០០នាក់នៅចន្លោះខែមករា និងខែមីនា ដោយសារតែបញ្ហាកូដកម្ម។

AirHelp បានឲ្យដឹងបន្ថែមថា សម្រាប់នៅក្នុងប្រទេសអង់គ្លេស ការធ្វើកូដកម្មនៅតាមព្រលានយន្តហោះនិងកំពង់ផែ ក៏បណ្តាលឲ្យមានការរំខាន ដល់ដំណើរការនៃអាកាសយានដ្ឋានទូទាំងប្រទេសផងដែរ ដោយអាកាសយានដ្ឋាននីទីក្រុងឡុងដ៍ កំពុងប្រឈមនឹងការពន្យារពេលដ៏ធំបំផុត។ ដោយឡែក នៅឯប្រទេសអាល្លឺម៉ង់ អាកាសយានដ្ឋានហាំបឺគ (Hamburg) បានលុបចោលការចេញដំណើរទាំងអស់សម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ ដោយសារតែកូដកម្មពីសំណាក់ ក្រុមកម្មករត្រួតពិនិត្យសន្តិសុខ។

គួរបញ្ជាក់ថា តាមច្បាប់សិទ្ធិអ្នកដំណើរនៅអឺរ៉ុប អតិថិជនក្រុមហ៊ុនអាកាសចរណ៍ដែលរងនូវការពន្យារពេលជាច្រើនម៉ោង មានសិទ្ធិទទួលបានសំណង ហើយជាបញ្ហាដ៏លំបាកមួយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនស្រាប់។ ក្រុមហ៊ុនអាកាសចរណ៍ ក៏បានឲ្យដឹងថា អាកាសយានដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ក៏ត្រូវចូលរួមផ្តល់សំណងដល់អតិថិជនផងដែរ ដើម្បីកុំឱ្យបន្ទុកស្ថិតនៅលើពួកគេទាំងស្រុងពេក៕