(កៀវ)៖ មន្រ្តីលើកបន្តុបដោយរុស្ស៉ីនៅថ្ងៃអង្គារនេះបាននិយាយថា កងកម្លាំងរបស់ខ្លួននៅតែបន្តភាពរីកចម្រើនទៅមុខក្នុងទីក្រុងបាកមូត (Bakhmut) ភាគខាងកើតអ៊ុយក្រែន ដោយការទម្លាក់ គ្រាប់បែក ប៉ុន្តែទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេសអះអាងថា កងពលរថក្រោះរុស្ស៉ីទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុងក្បែរខាងអៅឌីវកា (Avdiivka)។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

លោក ដេនីស ពូស៉ីលីន (Denis Pushilin) មន្រ្តីគ្រប់គ្រងផ្នែកដែលរុស្ស៊ីកាន់កាប់នៃតំបន់ដូណេត បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែនភាគច្រើនបានដកថយចេញពីរោងចក្រអាហ្សូម (AZOM) ដែលស្ថិតនៅភាគខាងលិចនៃទន្លេបាកមូតកា (Bakhmutka) ក្នុងទីក្រុងបាកមូត។ ទីបញ្ជាការយោធារបស់អ៊ុយក្រែន ទទួលស្គាល់ថា កងកម្លាំងរុស្ស៉ីបន្តធ្វើការវាយលុកនៅបាកមូតពិតមែន ប៉ុន្តែកងកម្លាំងរបស់ខ្លួនកំពុងតស៊ូវាយទប់ទល់ទៅវិញយ៉ាងខ្លាំង។

ដោយឡែក នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួនអំពីសង្រ្គាមនៅអ៊ុយក្រែន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងការពារជាតិរបស់អង់គ្លេស បានគូសបញ្ជាក់ថា កងកម្លាំងរុស្ស៉ីសម្រេចបានជោគជ័យ តិចតួចប៉ុណ្ណោះ ក្នុងការប៉ុនប៉ងឡោមព័ទ្ធទីក្រុងអៅឌីវកា នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបានបាត់បង់រថពាសដែក និងរថក្រោះជាច្រើនគ្រឿង។

គួរបញ្ជាក់ថា សមរភូមិបាកមូត ដែលជាទីក្រុងរ៉ែអំបិលនៃតំបន់ដូណេត បានក្លាយជាគោលដៅសំខាន់នៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ សង្រ្គាមឈ្លានពានរបស់រុស្ស៉ី មកទល់នឹងពេលនេះ បានឈានចូលដល់ខែទី១៤ ហើយ ដោយជាប់គាំងអស់ជាច្រើនខែ នៅតំបន់ភាគខាងកើតអ៊ុយក្រែន៕