(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានប្រាប់រុស្ស៉ីថានឹងបញ្ឈប់ការផ្លាស់ប្ដូរទិន្នន័យមួយចំនួនស្ដីពីកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រុស្ស៉ី ដែលបានព្យួរ ការចូលរួម នៅក្នុងសិទ្ធិសញ្ញានុយក្លេអ៊ែរ New START។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

ខណៈលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន មិនទាន់បានប្រកាសដករុស្ស៉ីជាផ្លូវការចេញពីសន្ធិសញ្ញា New START ដែលដាក់កំហិតលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែ ការសម្រេចចិត្តរបស់លោកដោយព្យួរការចូលរួមរបស់រុស្ស៉ី ត្រូវបានគេមើលឃើញថាអាចនឹងធ្វើឱ្យសន្ធិសញ្ញាគ្រប់គ្រងអាវុធមួយនេះដួលរលំ។ សហរដ្ឋអាមេរិក និងរុស្ស៉ី កាន់កាប់ក្បាលគ្រាប់ នុយក្លេអ៊ែរ ជិត ៩០ភាគរយនៃក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់នៅលើពិភពលោក។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងវ៉ាស៊ីនតោន) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមានម្នាក់ បានគូសបញ្ជាក់ដូច្នេះថា «នៅក្រោមច្បាប់អន្តរជាតិ សហរដ្ឋអាមេរិកមានសិទ្ធិឆ្លើយតបទៅនឹងការរំលោភបំពានលើសន្ធិសញ្ញា New START តាមរយៈការចាត់វិធានការយ៉ាងសមាមាត្រ និងមានភាពបត់បែន ក្នុងគោលបំណងបញ្ចុះបញ្ចូលឱ្យរុស្ស៉ីត្រឡប់ មកអនុវត្តកាតព្វកិច្ចរបស់ខ្លួនឡើងវិញ»។ អ្នកនាំពាក្យរូបនេះបន្ថែមថា «រុស្ស៉ីបានបញ្ឈប់ការអនុវត្តកាតព្វកិច្ច និងបដិសេធចែករំលែកទិន្នន័យដែលយើងបានព្រមព្រៀងគ្នានៅក្នុងសន្ធិសញ្ញា New START ដូច្នេះបើរុស្ស៉ី​មិនអនុវត្តតាមកាតព្វកិច្ចខ្លួន យើងក៏ធ្វើដូចគ្នានេះដែរដោយមិនផ្លាស់ប្ដូរទិន្នន័យទៀតនោះទេ»

គួរបញ្ជាក់ថា ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០១០ ហើយនឹងត្រូវអស់សុពលភាពនៅឆ្នាំ២០២៦ New START គឺជាសន្ធិសញ្ញានុយក្លេអ៊ែរនៅសេសសល់ចុងក្រោយតែមួយគត់រវាងសហរដ្ឋអាមេរិក និងរុស្ស៉ី។ សន្ធិសញ្ញានេះមានគោលដៅកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលមហាអំណាចទាំង២អាចដាក់ពង្រាយ ដោយក្នុងនោះទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនអាចដាក់ពង្រាយក្បាល គ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ មិនឱ្យលើសពី ១,៥៥០គ្រាប់៕