(វ៉ាស៉ីនតោន)៖ សកម្មភាពជាច្រើនរបស់ចិននាពេលកន្លងមក ហាក់ដូចជាបង្ហាញថាចិនកំពុងត្រៀមលក្ខណៈធ្វើសង្រ្គាមនៅតៃវ៉ាន់។ សកម្មភាពទំាងនោះរួមមានការអនុម័តច្បាប់ស្ដីពីកងទ័ពបម្រុង ដោយពន្យារពេលអាយុចូលនិវត្តន៍សម្រាប់កងទ័ពបម្រុងពី៥៥ឆ្នាំ ដល់៦០ឆ្នាំ ហើយចាប់តាំងពីថ្ងៃទី១ ខែមីនាមក ការិយាល័យទទួលបន្ទុកកែនកងទ័ព ឬ Defense Mobilization Offices ត្រូវបាន បង្កើតឡើងនៅក្នុងខេត្តចំនួន១០ ដើម្បីជួយដល់រដ្ឋាភិបាលក្នុងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម។ មិនតែប៉ុណ្ណោះ នៅឯសមាជបក្សកុម្មុយនិស្ដចិនលើកទី២០ កាលពីឆ្នាំ២០២២ ការិយាល័យនយោបាយមជ្ឈិម ក៏បានដំឡើងតំណែងលេខាបក្សប្រចាំខេត្តចំនួន៥រូប ដែលមានបទសោធន៍យ៉ាងជោគជាំក្នុងឧស្សហកម្មយោធាផងដែរ។

ក៏ប៉ុន្តែ ទាំងនេះមិនមែនមានន័យថាសង្រ្គាមរវាងចិន និងតៃវ៉ាន់ មានសហរដ្ឋអាមេរិកជាខ្នងបង្អែក អាចនឹងផ្ទុះឡើងទាំងស្រុងនៅ២ ឬ៣ឆ្នាំខាងមុខនោះទេ។ ពីព្រោះថាការប្រើប្រាស់កម្លាំងយោធា គឺស្ថិតនៅក្នុង «ផែនការ B» របស់ចិន។ សេណារីយ៉ូមួយទៀត ដែលចិនមើលឃើញថាខ្លួនប្រឈមមុខនឹងហានិភ័យតិចតួចដើម្បីគ្រប់គ្រងតៃវ៉ាន់ នោះគឺ «ផែនការ A»។ ផែនការ A នេះត្រូវបានគេ ហៅថា «រណសិរ្សរួបរួម»។ សញ្ញាមួយបង្ហាញពីសក្ដានុពលនៃរណសិរ្សរួបរួម នោះគឺការបោះឆ្នោតនៅក្នុងខែមីនានេះដោយជ្រើសរើសលោក Wang Huning ឱ្យកាន់តំណែងជាប្រធានគណៈកម្មាធិការសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន ដែលជាអង្គភាពមួយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ទទួលបន្ទុកលើការដឹកនាំរណសិរ្សរួបរួម។

រណសិរ្សរួបរួម ជាយុទ្ធសាស្ត្រមួយដែលគណបក្សកុម្មុយនិស្ដចិនបានអនុវត្តដើម្បីជ្រៀតចូល និងដាក់មនុស្សរបស់ពួកគេទៅក្នុងគណបក្សនយោបាយនៅតៃវ៉ាន់ នៅបន្ទាប់ពីសង្រ្គាមស៊ីវិលជាមួយ គណបក្សគួមីងតាង បានបិទបញ្ចប់មកម្ល៉េះ។ ដំបូងឡើយ គណបក្សគួមីងតាងមានអំណាចធំជាងគណបក្សកម្មុយនិស្ដចិនទៅទៀត ប៉ុន្តែគណបក្សកុម្មុយនិស្ដចិនបានទទួលជោគជ័យក្នុងដាក់បញ្ចូល មនុស្សរបស់ខ្លួនទៅក្នុងជួរកងទ័ព និងបានធ្វើឱ្យឧត្ដមសេនីយ៍នៃគណបក្សគួរមីងតាងជាច្រើននាក់ក្លាយជាមនុស្សស្មោះស្ម័គ្រ ឬក៏បង្កប់ចារកម្មរបស់ខ្លួនឱ្យធ្វើជាលេខារបស់ឧត្ដមសេនីយ៍ទាំងនេះ។

នៅក្រោយដណ្ដើមបានអំណាចក្នុងឆ្នាំ១៩៤៩ គណបក្សកុម្មុយនិស្ដចិនបានបង្កើត «នាយកដ្ឋានរណសិរ្សរួបរួម» សឹងតែនៅគ្រប់អង្គភាពរបស់ខ្លួន។ ដោយសារតែតៃវ៉ាន់នៅតែរក្សាទំនាក់ទំនងមួយចំនួន ជាមួយចិន គណបក្សកុម្មុយនិស្ដចិនអាចជ្រៀតជ្រែកចូលក្នុងធុរកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ក្រុមសាសនា គណបក្សនយោបាយ រួមទាំងយោធារបស់តៃវ៉ាន់ ដែលនេះមានន័យថាសមត្ថភាពជះឥទ្ធិពល និង ដើម្បីគ្រប់គ្រងតៃវ៉ាន់តាមផែនការ A មិនអាចមើលស្រាលបានឡើយ។ ក្នុងពេលបច្ចុប្បន្ន ការសម្លុតគំរាមខាងសង្រ្គាមចិត្តសាស្ត្ររបស់លោកប្រធានាធិបតីចិន ស៉ី ជិនពីង តួយ៉ាងដូចជាបញ្ជូនយន្ដហោះចម្បាំង និងនាវាចម្បាំងទៅក្បែរកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃ «យុទ្ធសាស្ត្រ» របស់គណបក្សកុម្មុយនិស្ដក្នុងការប្រើសង្រ្គាមដែលខ្លួនហៅថាជាការពង្រឹងសន្តិភាព។ ពោលគឺ លោក ស៊ី ជិនពីង ចង់ឱ្យតៃវ៉ាន់ទទួលដឹងថា សង្រ្គាមនៅចំពោះមុខកាន់តែខិតជិតមកដល់ ប្រសិនបើពួកគេមិនអើពើ ឬមិនស្ដាប់តាមការចង់បានរបស់លោកទេនោះ។ ប៉ុន្តែប្រសិនបើយុទ្ធសាស្ត្ររណសិរ្សរួបរួម ទទួលបរាជ័យ នោះលោកអាចនឹង ជ្រើសរើសប្រើកម្លាំងយោធា។

ផ្ទុយពីមេដឹកនាំចិនមុនៗ លោក ស៊ី ជិនពីង បានកំណត់កាលបរិច្ឆេទគ្រប់គ្រងកោះតៃវ៉ាន់ឱ្យបានដាច់ខាត។ នៅក្នុងរបាយការណ៍សមាជបក្សកុម្មុយនិស្ដចិនលើកទី១៩ ចេញផ្សាយកាលពីឆ្នាំ២០១៧ បានឱ្យដឹងថាលោក ស៊ី ជិនពីង បានកំណត់យកឆ្នាំ២០៤៩ ចំនឹងខួប១០០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ជាកាលបរិច្ឆេទសម្រេចបានឱ្យនូវ «ក្ដីស្រម៉ៃរបស់ចិន ឬ Chinese Dream» ហើយ ដែលនៅក្នុង Chinese Dream នេះទៀតសោតក៏បានលើកឡើងដែរថាការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ជាផ្នែកនៃក្ដីស្រម៉ៃរបស់ចិន។ តាមរយៈការកំណត់កាលបរិច្ឆេទ វាក៏បានបង្ហាញដែរថាលោក ស៊ី ជិនពីង បាន «ដាក់ភារកិច្ចលើខ្លួនឯង» ក្នុងការបង្រួបបង្រួមជាមួយតៃវ៉ាន់ ខណៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលុបចោលការកំណត់អាណត្តិប្រធានាធិបតីចិន គឺមានជាប់ពាក់ព័ន្ធភារកិច្ចបង្រួបបង្រួម ជាមួយតៃវ៉ាន់ ម្លោះហើយបើបរាជ័យ នោះលោក ស៊ី ជិនពីង អាចនឹងត្រូវលាលែងចេញពីតំណែងទាំងក្ដីអាម៉ាស់។

ចុះបើដូច្នេះ ថាតើគេអាចដឹងថាតើលោក ស៊ី ជិនពីងនឹងដើរតាមយុទ្ធសាស្ត្ររណសិរ្សរួបរួម ឬក៏ជ្រើសរើសប្រើកម្លាំងយោធាលើតៃវ៉ាន់ដោយរបៀបណា? ការបោះឆ្នោតសកលនៅតៃវ៉ាន់ នៅខែមករា ឆ្នាំ២០២៤ អាចជាយកមកធ្វើជាឧទាហរណ៍បាន។ ប្រសិនបើបេក្ខជនមេដឹកនាំតៃវ៉ាន់ មកពីគណបក្សគួមិញតាងទទួលបរាជ័យ រីឯបេក្ខជនមេដឹកនាំម្នាក់ដែលកាន់តែមានទំនោរគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ មកពី គណបក្សប្រជាធិបតេយ្យចម្រើននិយមរបស់លោកស្រី សៃ អ៉ីងវិន ឡើងមកកាន់អំណាច នោះទីក្រុងប៉េកាំងអាចនឹងមើលឃើញថាការបង្រួបបង្រួមដោយសន្តិភាពលែងមានន័យតទៅទៀត។ គណបក្ស កុម្មុយនិស្ដចិន នឹងប្រឹងប្រែងតាមដែលខ្លួនឯងអាចធ្វើទៅបាន ដើម្បីមានឥទ្ធិពលលើលទ្ធផលបោះឆ្នោត ដើម្បីឱ្យបេក្ខជនមេដឹកនាំតៃវ៉ាន់ដែលមានទំនោរងាកទៅរកចិនទទួលបានជ័យជម្នះ តាមរយៈការបង្កើន យុទ្ធនាការសង្រ្គាមចិត្តសាស្ត្របំភ័យថាជ័យជម្នះ របស់គណបក្សប្រជាធិបតេយចម្រើននិយមនៅតៃវ៉ាន់ អាចនឹងបង្កឱ្យសង្រ្គាមផ្ទុះឡើងដោយចៀសមិនរួច ទោះជាទីក្រុងប៉េកាំង ចង់ ឬមិនចង់ក៏ដោយ។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញយោធាខ្លះ បាននិយាយថាចិនទំនងជានឹងមិនអាចប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់ ក្នុងរយៈពេល ២ ទៅ៣ ឆ្នាំខាងមុខនេះឡើយ ដោយផ្អែកទៅលើលក្ខខណ្ឌទូទៅ ដែល ប្រទេសមួយតែងតែបង្ហាញសញ្ញាឱ្យដឹងមុន មុននឹងធ្វើសកម្មភាពយោធា។ បើតាមក្រុមអ្នកជំនាញស្ដីពីចិន និងអតីតមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក John Culver ចិនអាចនឹងបង្ហាញសញ្ញាឱ្យគេ ដឹងមុនពីចេតនាវាយតៃវ៉ាន់ ក្នុងរយៈពេលពី១៨ ដល់ ២៤ខែ មុននឹងធ្វើសកម្មភាព ហើយសញ្ញាទាំងនេះអាចមានដូចជាការបង្កើតការផលិតគ្រាប់រំសេវ និងអាវុធកំណត់គោលដៅជាក់លាក់។

ក៏ប៉ុន្តែ ក្រុមមន្ត្រីចូលនិវត្តន៍ដែលធ្លាប់បម្រើការនៅក្នុងជួរកងទ័ពចិន PLA និងជាអ្នកព្រាងឡើងនូវផែនការសម្រាប់សង្រ្គាមលើតៃវ៉ាន់ បាននិយាយថាការត្រៀមលក្ខណៈសម្រាប់សង្រ្គាមជាមួយតៃវ៉ាន់ ក្នុងនោះរួម មានដូចជាការផលិតអាវុធទ្រង់ទ្រាយធំ បានធ្វើឡើងអស់រយៈពេលជាយូរមកហើយ ចាប់តាំងពីគណបក្សកុម្មុយនិស្ដចិនឡើងកាន់អំណាចក្រោយសង្រ្គាមស៊ីវិល។ នេះមានន័យថាចិនត្រូវការពេលប៉ុន្មានខែ ប៉ុណ្ណោះ ដើម្បីកែនកងទ័ព មុននឹងធ្វើសង្រ្គាម។ លោក ស៊ី ជិនពីងក៏អាចនឹងមើលឃើញផងដែរថាទ្វារនៃឱកាសដើម្បីគ្រប់គ្រាន់តៃវ៉ាន់ កាន់តែរួមតូចទៅៗ ខណៈសេដ្ឋកិច្ចចិនបាត់បង់សន្ទុះ រីឯលោកខាងលិច កាន់តែរួបរួមគ្នាដោយសារតែសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ដូច្នេះមិនថាចង់អនុវត្តតាម «ផែនការ A» ឬ «ផែនការ B» នោះទេ គណបក្សកុម្មុយនិស្ដចិន អាចនឹងត្រូវធ្វើការសម្រេចចិត្តឆាប់ៗ៕