(ម៉ិកស៉ិក)៖ មនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួសបន្ទាប់ពីអគ្គីភ័យមួយបានឆាបឆេះ ​​​​នៅក្នុងមន្ទីឃុំឃាំងជនអន្តោប្រវេសន៍ នៅភាគខាងជើងប្រទេសម៉ិកស៊ិកក្បែរព្រំដែនសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទិភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨​ ខែមីនា​ ឆ្នាំ២០២៣។

អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃចន្ទ នៅឯរោងចក្រមួយក្នុងក្រុង Ciudad Juarez តាមបណ្តោយព្រំដែនពីទីក្រុង El Paso រដ្ឋតិចសាស់។

មន្ត្រី​ម្នាក់បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញថា មានមនុស្សយ៉ាហោចណាស់ ៣៩នាក់បានស្លាប់នៅក្នុងអគ្គីភ័យដែលបានផ្ទុះឡើងកាលពីល្ងាចថ្ងៃចន្ទ ខណៈ ២៩នាក់ទៀតរងរបួស។

ក្រុង Ciudad Juarez គឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយសម្រាប់មនុស្សចូលសហរដ្ឋអាមេរិក។ ជម្រករបស់វាពោរពេញដោយជនចំណាកស្រុក និងជនភៀសខ្លួនដែលកំពុងរង់ចាំឱកាសឆ្លងកាត់ ឬអ្នកដែលបានស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ហើយកំពុងរង់ចាំដំណើរការនេះ៕