(ហ្សេរ៊ុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសថា ផែនការដ៏ចម្រូងចម្រាសមួយក្នុងការផ្លាស់ប្តូរប្រព័ន្ធតុលាការនឹងត្រូវពន្យារពេល បន្ទាប់ពីមានការតវ៉ាអស់រយៈពេលជាច្រើនខែ ការកើនឡើងនៃការធ្វើកូដកម្ម និងការរិះគន់ពីក្នុងរដ្ឋាភិបាលរបស់លោក។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។

លោក ណេតាន់យ៉ាហ៊ូ និយាយថាលោកប្ដេជ្ញាអនុម័តកំណែទម្រង់ប្រព័ន្ធតុលាការ ប៉ុន្តែចង់បានការយល់ព្រមយ៉ាងទូលំទូលាយ។ ហើយការពន្យារពេលមានន័យថា សេចក្តីព្រាងច្បាប់នេះនឹងមិនត្រូវបានដាក់ឲ្យបោះឆ្នោតក្នុងសភា រហូតដល់ដំណាច់ខែមេសា។ ថ្លែងសុន្ទរកថាតាមទូរទស្សន៍ជាតិ កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ថា «នៅពេលដែលមានឱកាសដើម្បីបញ្ចៀសសង្គ្រាមស៊ីវិលតាមរយៈការសន្ទនា ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំកំពុងឆ្លៀតពេលសម្រាប់រៀបចំកិច្ចសន្ទនាគ្នា» ។

គួរបញ្ជាក់ថា ផែនការរបស់រដ្ឋាភិបាលក្នុងការរឹតបន្តឹងការគ្រប់គ្រងរបស់សភាលើដំណើរការតុលាការបាន បង្កឲ្យមានការតវ៉ាដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអ៉ីស្រាអែល ដោយក្រុមប្រឆាំងហៅផែនការនេះថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។ ភាពវឹកវរបាននាំទៅដល់ការបិទដំណើរការជាច្រើនក្នុងប្រទេស និងបង្អាក់ផ្នែកសេដ្ឋកិច្ច។ ជើងហោះហើរនៃអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ត្រូវបានផ្អាក ខណៈការងារនៅកំពង់ផែសមុទ្រសំខាន់ៗក៏ត្រូវបញ្ឈប់សកម្មភាពផងដែរ៕